ត្រូវបានស្រង់សម្ដីដោយ កាសែតបាងកកប៉ុស្ដិ៍ លោក ណាត់ផន ជុតទូស្រ៊ីពីតាក់ (Nathporn Chutusripitak) ទីប្រឹក្សារដ្ឋមន្ត្រីថៃបានឲ្យដឹងថា ការសម្រេចរក្សា VAT ឲ្យនៅត្រឹម ៧% នេះ ព្រោះថា ដោយសារតែរាជរដ្ឋាភិបាលមើលឃើញថា បើដំឡើងខ្ពស់ជាងនេះ វាអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ក៏ដូចជា ធ្វើឲ្យថ្លៃទំនិញមានតម្លៃកាន់តែខ្ពស់ជាងមុន ដែលវាជាឧបសគ្គមួយសម្រាប់ការលូតលាស់សេដ្ឋកិច្ច។
ពន្ធ VAT នៅថៃ ត្រូវបានណែនាំឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩២ មកម្លេះ ដែលត្រូវបានកំណត់យក ១០% ប៉ុន្ដែក្រោយមក នៅឆ្នាំ១៩៩៧ ពន្ធ VAT នេះ ត្រូវបានទម្លាក់មកនៅត្រឹម ៧% មកទល់សព្វថ្ងៃនេះ ដោយសារតែអំឡុងពេលនោះ មានការស្នើសុំ ពីវិស័យឯកជន។
ជុំវិញនឹងរឿងពន្ធលើតម្លៃបន្ថែម VAT នេះដែរ បើយើងក្រលេកទៅមើលប្រទេសវៀតណាមឯណោះវិញ ក្រសួងហិរញ្ញវត្ថុ វៀតណាម ក៏មានបំណងបង្កើនតម្លៃពន្ធ លើពន្ធ VAT នេះដែរ ពោលគឺ បង្កើនពី១០% នាពេលបច្ចុប្បន្ន ទៅ១២% នៅឆ្នាំ២០១៩។ ទោះយ៉ាងណា តាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចវៀតណាម នៅក្នុងសារព័ត៌មាន វៀតណាម Express បានឲ្យដឹងថា ការធ្វើបែបនេះ អាចនឹងជំរុញឲ្យអត្រាភាពក្រីក្រក្នុងប្រទេសនេះ កាន់តែមានការកើនឡើង ដោយសារតែការចំណាយលើថ្លៃទំនិញមានខ្ពស់ជាងមុន។
យ៉ាងណាក៏ដោយចុះ កាលពីពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់ស្នើចេញជា ២ ជម្រើសក្នុងការបង្កើនតម្លៃពន្ធ VAT នេះ ទៅលើទំនិញ និងសេវា នៅក្នុងប្រទេស។ ជម្រើសទីមួយ គឺបង្កើនពីចំនួនពន្ធ VAT ៥% (តាមប្រភេទមុខទំនិញមួយចំនួន) នាពេលបច្ចុប្បន្ន ទៅ ៦% និងចំនួន ពន្ធ VAT ១០% ទៅ ១២%។ រីឯ ជម្រើសទី២វិញ គឺគ្រប់ប្រភេទមុខទំនិញ និងសេវាកម្ម ត្រូវកំណត់យក VAT ១០% ស្មើគ្នាទាំងអស់។ តែយ៉ាងណា គម្រោងបង្កើនពន្ធ VAT របស់វៀតណាមនេះ ហាក់នៅមានភាពចម្រូងចម្រាសច្រើន ក្នុងការឈានទៅសម្រេចចេញជាផ្លែផ្កា។
ទោះយ៉ាងណា ប្រសិនបើវៀតណាម ឈានទៅបង្កើនតម្លៃពន្ធ VAT រហូតដល់ ១២% មែននោះ នោះប្រទេសនេះ នឹងក្លាយជាប្រទេសមានអត្រាពន្ធ VAT ខ្ពស់ជាគេមួយ នៅក្នុងចំណោម ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសភីលីពីន ដែលមានអត្រាពន្ធ VAT ១៨% ខណៈដែលមីយ៉ាន់ម៉ា មានអត្រាមួយទាបជាងគេគឺ ៥%។
ដោយឡែក សម្រាប់កម្ពុជាយើងវិញ ពន្ធលើតម្លៃបន្ថែម VAT នេះ មានអត្រា ១០% ហើយរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាល ហាក់ដូចជាមិនទាន់មានគម្រោងក្នុងការកែប្រែ បន្ថែម ឬបន្ថយ លើតម្លៃពន្ធនេះនៅឡើយទេ៕