លោកយាយ ខៀវ ស៊ុន កសិករដាំត្រកួននៅបឹងទំពុន បានឲ្យដឹងថា លោកយាយប្រកបរបរនេះអស់រយៈពេល៧ឆ្នាំមកហើយ និងទទួលបានកម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ថ្វីដ្បិតមានកូន៥នាក់ តែលោកយាយដែលមានវ័យ៧០ឆ្នាំទៅហើយ មិនអាចពឹងពាក់កូនបានទេ ហើយក៏មិនដឹងរករបរអ្វីផ្សេងឡើយ ខណៈបឹងដ៏ធំនេះត្រូវបានគេចាក់ដីលុបអស់មួយផ្នែកធំទៅហើយនោះ។
លោកយាយបញ្ជាក់យ៉ាងដូច្នេះថា៖ «គេច្បាស់ជាលុបអស់ហើយចៅអើយ! ប៉ុន្តែ អ្នកនៅក្នុងបឹងហ្នឹង ចេះតែមានគម្រោងដែរ តែមិនដឹងទៅណា ព្រោះ គ្មានទិសដៅពិតប្រាកដទេ»។
មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកយាយ ខៀវ ស៊ុន បានរស់នៅផ្ទះជួលនៅភ្នំពេញ និងជួលបឹងនេះក្នុងមួយឆ្នាំ១លានរៀល សម្រាប់ដាំត្រកួនដែលអាចបានផ្តល់ប្រាក់ចំណូលដល់លោកយាយពី២ទៅ៣ម៉ឺនរៀលនៅក្នុងមួយថ្ងៃ។
របរដាំត្រកួន ថ្វីដ្បិតតែលំបាកបន្តិចមែន តែវាបានជួយជីវភាពលោកយាយរហូតមក ប៉ុន្តែបើបឹងនេះ ត្រូវលុបអស់មែននោះ តើលោកយាយត្រូវធ្វើយ៉ាងណា?
លោកយាយរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា៖ «បើសិនលុបអស់ ប្រជាជនមិនដឹងរស់នៅត្រង់ណាទេ សព្វថ្ងៃ បានបឹងហ្នឹង ទោះតិចឬច្រើន យើងបានលុយចិញ្ចឹមជីវិត…ចុះបើអត់ពីបឹងហ្នឹងទៅ មិនដឹងរសាត់អណ្ដែតទៅណាទេ? មានតែទៅសុំទានគេ គេម៉េចឲ្យយើង។ សព្វថ្ងៃ យាយចំណាស់ហ្នឹងហើយ មិនដឹងធ្វើអី បានបឹងហ្នឹងហើយ បានលក់ត្រកួនយកលុយទៅវត្តនឹងគេ»។
បឹងទំពុនបានក្លាយជាចម្ការត្រកួននិងកញ្ឆែតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់នៅភ្នំពេញ និងបណ្តាខេត្តនានាជាយូរមកហើយ។ បច្ចុប្បន្ន បឹងនេះត្រូវបានក្រុមហ៊ុនឯកជនចាក់ដីលុបអស់មួយផ្នែកធំទៅហើយ។
បឹងទំពុន ដែលជាឆ្នាំងបាយរបស់ពលរដ្ឋរាប់រយគ្រួសារ នឹងត្រូវបាត់មុខពីផែនទី ដោយជំនួសមកវិញនូវទីក្រុងរណបនៅថ្ងៃអនាគត ដែលអភិវឌ្ឍដោយក្រុមហ៊ុន ING Holding Co., Ltd ដែលទទួលគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកពីសាលារាជធានីភ្នំពេញ នៅក្នុងទំហំផ្ទៃដីសរុប ២៥៧២ហិកតា និងបោះទុនវិនិយោគក្នុងទឹកប្រាក់សរុប ៦៩៦លានដុល្លារសហរដ្ឋអាមេរិក។
លោក សុខ គីមហៀង ដែលជួលដីបឹងមួយឆ្នាំអស់១លានរៀល ដើម្បីដាំកញ្ឆែតនៅបឹងទំពុននេះដែរ បានរៀបរាប់ថា របរដាំកញ្ឆែតបានជួយជីវភាពរបស់លោកបានយ៉ាងច្រើន និងអាចឲ្យលោកសន្សំប្រាក់បានពី ១០០ ទៅ ២០០ដុល្លារនៅក្នុងមួយខែទៀតផង។
លោករៀបរាប់ប្រាប់ ខេមបូណូមីស ថា៖ «ខ្ញុំដាំលើដីត្រឹម៣០អា កាត់មួយលើកបាន ៨០០គីឡូក្រាម ឬមួយតោន យើងបានតិច ព្រោះយើងដាំតិច។ ២០ថ្ងៃ ខ្ញុំត្រូវបាញ់ថ្នាំអស់២៥ម៉ឺនរៀល ទូទាត់ទៅ ជីវភាពរបស់យើងរកមិនបានសល់ច្រើនដូចគេ គ្រាន់តែហូបចុកគ្រប់គ្រាន់។ ត្រកួននិងកញ្ឆែតទីនេះ បាញ់ថ្នាំទាំងអស់ ព្រោះ បើមិនបាញ់ថ្នាំ អត់បានហូបទេ»។
របរដាំកញ្ឆែតបានផ្តល់ប្រាក់ចំណូលដល់លោក សុខ គីមហៀង ១៣ឆ្នាំមកហើយ។ បុរសដែលមានកូនបីក្នុងបន្ទុករូបនេះ បានពឹងអាស្រ័យទាំងស្រុងលើរបរនេះ ប៉ុន្តែ នៅពេលគេលុបបឹងនេះចោល លោកមិនទាន់ដឹងថា តើលោកនឹងទៅរករបរអ្វីផ្សេងនោះទេ?
លោកបន្តថា៖ «ឥឡូវ ខ្ញុំអត់មានផែនការចេញទៅណាទេ ព្រោះ បឹងមានទំហំធំដែរ ដីក្រុមហ៊ុនគេឲ្យយើងដាំបានខ្លះដែរ។ ដូច្នេះ យើងនៅតែដាំបន្ត ដល់ថ្ងៃណាគេលែងឲ្យដាំ ចាំយើងទៅរករបរផ្សេងទៀត។ ឥឡូវ មិនទាន់រករបរឃើញទេ ព្រោះ យើងមានរបរហើយ គឺដាំកញ្ឆែត»៕