
លោកពន្យល់យ៉ាងដូច្នេះថា៖ «ចំពោះអ្នកដាំបន្លែលើទឹកស្អុយបឹងទំពុន ដែលមានកញ្ឆែត និងត្រកួន មានហានីភ័យខ្ពស់ណាស់ ព្រោះ ទឹកស្អុយដែលចេញពីប្រព័ន្ធលូទីក្រុង ដែលក្នុងនោះ ហាន័យខ្ពស់បំផុតដែលខ្ញុំបារម្ភ គេហៅថា លោហៈធ្ងន់ ដែលមាននៅក្នុងបន្លែ ហើយយើងហូបយូរៗទៅ វានឹងប៉ះពាល់ដល់សុខភាព។ ខ្ញុំឧទាហរណ៍ យើងបោះកាកសំណល់រឹងជាច្រើន ដូចជា ថ្មពិលជាដើម ដែលយើងបោះចោលក្នុងលូហើយវាហូរចូលក្នុងបឹងហ្នឹង ពេលហ្នឹងរុក្ខជាតិវាស្រូប វាអាចដោយលោហៈធ្ងន់មួយចំនួន ឬ បឺតជាតិពុលទាំងនេះ។ ដូច្នេះ ខ្ញុំយល់ឃើញថា យើងគួរកុំដាំ និងកុំបរិភោគបន្លែរបៀបហ្នឹង»។
សូមទស្សនាវីដេអូខាងក្រោមនេះ៖

ក្រៅពីដាំបន្លែលើទឹកស្អុយ បឹងទំពុនក៏ជាចម្ការបន្លែគីមីដ៏ធំមួយផងដែរ។ លោក សុខ គីមហៀង អ្នកដាំកញ្ឆែតនៅបឹងទំពុនជាង១០ឆ្នាំមកហើយ បានឲ្យដឹងថា ទម្រាំទទួលបានផល កញ្ឆែតត្រូវការរយៈពេល២០ថ្ងៃ ហើយលោកត្រូវបាញ់ថ្នាំលើកញ្ឆែតអស់ប្រាក់ចំនួន១៥ម៉ឺនរៀល។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមិនបាញ់ថ្នាំ គឺមិនបានផលទេ។ និយាយឲ្យចំទៅ នៅទីនេះ បាញ់ថ្នាំទាំងអស់ ព្រោះ បើយើងដាំតាមធម្មជាតិ កាត់តែម្តងពីរដងខូចអស់ហើយ។ ប៉ុន្តែ បើយើងប្រើថ្នាំ យើងកាត់បានយូរ។ មុនយើងរើវាចោល យើងកាត់បានជាង១០ដងឯនោះ។ អ្នកខ្លះគេដាំមួយឆ្នាំទល់មួយឆ្នាំ គេកាត់បានរហូត ព្រោះ វាល្អរហូត»។

មិនមែនតែអ្នកដាំកញ្ឆែតនោះទេ ដែលបាញ់ថ្នាំគីមីនោះ ចំណែក អ្នកដាំត្រកួនវិញ មិនខុសគ្នាដែរ។ លោកយាយ ខៀវ ស៊ុន អ្នកដាំត្រកួននៅ បឹងទំពុន បានប្រាប់ខេមបូណូមីសថា លោកយាយ បានចំណាយប្រាក់បាញ់ថ្នាំត្រកួនក្នុងមួយហិចតាអស់១០ម៉ឺនរៀល ដើម្បីបានកាត់ម្តង។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្នាំថ្លៃណាស់ ខ្ញុំបាញ់ថ្នាំម្តងអស់១០ម៉ឺនរៀល។ នេះមិនចង់គ្រាន់ផង រាងស្ទើរផង។ បាញ់ម្តង កាត់បានតែមួយលើកទេ។ បើមិនបាញ់ទេ មិនបានហូបទេ វាអត់ល្អ។ ត្រកួនហ្នឹងលក់ឲ្យមនុស្សត្រីគោជ្រូក ហូបទាំងអស់ហ្នឹង ប៉ុន្តែ មុនកាត់ គេទុកឲ្យសាបថ្នាំសិន មិនមែនចេះតែកាត់នោះទេ»៕