ប្រព័ន្ធអនឡាញ

តើជនឆបោកប្រើល្បិចបែបណាប៊ិះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ ក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញ?


អំពើឆបោកតាមប្រព័ន្ធអនឡាញនៅជុំវិញពិភពលោក ជាពិសេសក្នុងតំបន់អាស៊ាន ហាក់មានការរីកដុះដាលយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យមនុស្សច្រើនរាប់មិនអស់ក្លាយជាជនរងគ្រោះ ហើយថ្មីៗនេះ សូម្បីតែនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏ប៊ិះនឹងត្រូវក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News។ តើជនឆបោកប្រើល្បិចបែបណាដើម្បីល្បួងនាយករដ្ឋមន្ត្រីថៃ វ័យ៣០ឆ្នាំរូបនេះ ឱ្យចូលស៊ងរបស់ខ្លួន?
ប្រព័ន្ធអនឡាញ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា បានទម្លាយឱ្យដឹងកាលពីសប្ដាហ៍មុនថា លោកស្រីប៊ិះនឹងក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញទៅហើយ ប៉ុន្តែសំណាងល្អ លោកស្រីមានការសង្ស័យ និងដឹងខ្លួនទាន់ ទើបអាចគេចផុតអន្ទាក់ធ្លាក់ចូលស៊ងរបស់ក្រុមជនទុច្ចរិត។ លោកស្រីបានរៀបរាប់ថា លោកស្រីទទួលបានការហៅទូរសព្ទចូលពីជនឆបោកអនាមិកម្នាក់ ដែលក្លែងបន្លំជាមេដឹកនាំនៃប្រទេសមួយ ដែលលោកស្រីមិនបានបញ្ជាក់អត្តសញ្ញាណ។

លោកស្រីបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍មុនថា ពេលលើកទទួលទូរសព្ទ លោកស្រីអាចស្ដាប់ឮច្បាស់ថា វាជាសំឡេងរបស់មេដឹកនាំនៃប្រទេសមួយនោះ ហើយថា អ្នកហៅទូរសព្ទចូលមកនោះប្រហែលជាប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីក្លែងបន្លំសំឡេងរបស់មេដឹកនាំរូបនោះ។

លោកស្រីបានបញ្ជាក់ថា អំពើឆបោកនេះចាប់ផ្ដើមពីសារជាសំឡេងពីជនឆបោកដែលសួរថា លោកស្រីសុខសប្បាយទេ ហើយនិយាយថា ពួកគេចង់ធ្វើការជាមួយលោកស្រី។ ពេលនោះលោកស្រីបានផ្ញើសារជាអក្សរត្រលប់ទៅវិញថា លោកស្រីសុខសប្បាយធម្មតា ហើយជនទុច្ចរិតនិយាយថា ពួកគេនឹងទាក់ទងមកម្ដងទៀត។

ក្រោយមកជននោះបានព្យាយាមទូរសព្ទមកកាន់លោកស្រី ប៉ុន្តែជាសំណាងល្អ វាម៉ោង១១យប់ទៅហើយ ហើយលោកស្រី ក៏សម្រាកលក់ទៅហើយដែរ ទើបមិនបានលើកទូរសព្ទ។ លុះព្រឹកឡើង លោកស្រីបានឃើញ Miss Called ហើយលោកស្រី ក៏បានឆាតជាអក្សរទៅវិញដើម្បីរៀបចំសម្រាប់ការហៅទូរសព្ទ។ បន្ទាប់មក លោកស្រីទទួលបានសារជាសំឡេងមួយទៀត ដែលស្នើសុំឱ្យលោកស្រីបរិច្ចាគប្រាក់ ដោយនិយាយថា ប្រទេសថៃ គឺជាសមាជិកអាស៊ាន តែមួយគត់ដែលមិនទាន់បានបរិច្ចាគប្រាក់។

នៅពេលដែលលោកស្រីទទួលបានសារជាអក្សរមួយទៀត ដែលណែនាំឱ្យលោកស្រីផ្ទេរប្រាក់ទៅគណនីធនាគារបរទេស ទើបលោកស្រីភ្ញាក់ផ្អើល និងដឹងថា វាមិនមែនជាការពិតឡើយ វាគឺជាការឆបោក​។ ទោះជាយ៉ាងណា លោកស្រីមិនបញ្ជាក់ពីពេលវេលា ឬកាលបរិច្ឆេទជាក់លាក់ដែលលោកស្រីទទួលបានសារទាំងនេះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការអូសបន្លាយភ្លៀងកក់ខែនៅរដូវប្រាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតអំបិលនៅឆ្នាំនេះដែរឬទេ?

ការផលិតអំបិលរបស់កម្ពុជា នៅខេត្តកែប និងខេត្តកំពត នឹងចាប់ផ្ដើមពីខែមករា ដល់ខែកក្កដា។ ជារៀងរាល់ឆ្នាំ ខែដែលទទួលបានទិន្នផលអំបិលច្រើនជាងគេ …

វិស័យឧស្សាហកម្មយានយន្តជប៉ុន ជួយគាំទ្រថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតយានយន្តដ៏ធំមួយនៅក្នុងតំបន់

អគ្គនាយកការិយាល័យគោលនយោបាយពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ចរបស់ជប៉ុន បាននិយាយថា ក្នុងពេលកន្លងមកនេះ វិស័យឧស្សាហកម្មយានយន្តរបស់ជប៉ុន បានជួយគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ