Advertisement
របាយការណ៍

ADB៖ ឆ្នាំនេះ និងឆ្នាំក្រោយ កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រឹងមាំ ៧%


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីចុងក្រោយមួយ កាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០១៨នេះ និងឆ្នាំ២០១៩ ខាងមុខ ថា នៅតែមានកំណើនខ្លាំងក្លាក្នុងអត្រា ៧% ក្នុងមួយឆ្នាំ។ បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ ការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជានេះ ដោយសារតែមានការគាំទ្រដោយកំណើននៃវិស័យសំខាន់ៗមួយចំនួនដូចជា ការនាំចេញ វិស័យទេសចរណ៍ និងកំណើនតម្រូវការក្នុងស្រុកជាដើម។
អគារ​ភ្លោះ The Bridge ស្ថិត​ក្នុង​ចំណោម​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​បំផុត​ទាំង​១០ នៅ​កម្ពុជា។
ដោយ
Advertisement

របាយការណ៍​​បច្ចុប្បន្នភាព​ថ្មីមួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែលមាន​ចំណង​ជើងថា​«​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​(ADO) ឆ្នាំ​២០១៨» បាន​ព្យាករណ៍​​ថា កម្ពុជា​​នឹងមាន​​កំណើន​សេដ្ឋកិច្ច​​រង្វង់​ ៧% ដដែល​ សម្រាប់​​​ឆ្នាំ​២០១៨ និង​២០១៩ ខណៈពេល​ដែល​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​កំពុង​​អភិវឌ្ឍ​ភាគច្រើន​​នៅ​​អាស៊ី នៅ​​បន្ត​កំណើនថេរ ហើយ​​ប្រទេស​ដែលមាន​​ឧស្សាហកម្ម​ធំៗ​ផ្សេងៗ​ទៀត នៅបន្ត​​ភាពរឹងមាំ​​ក្នុង​ក​ម្រិត​មធ្យម​។

លោកស្រី Suniya Durrani Jamal នាយិកា​ប្រចាំប្រទេស​នៃធនាគារ​អភិវឌ្ឍន៍​អាស៊ី បានឲ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជានៅតែ​បន្តពង្រីក​​ជំហាន​ដ៏រឹងមាំ​របស់ខ្លួន​​កាន់តែប្រសើរ​ឡើង ដោយត្រូវ​បានគាំទ្រ​ដោយ ភាព​រឹងមាំ​នៃការ​នាំចេញ កំណើន​​ទេសចរ​បរទេស​ តម្រូវការ​ក្នុងស្រុក​មានការ​កើន​ឡើង និងភាព​អំណោយផល​នៃការពង្រីក​​គោលនយោបាយ​​សារពើពន្ធ​​ជាដើម។ 

ទោះជា​យ៉ាង​ណា លោកស្រី Suniya បានគូស​បញ្ជាក់​ដែរថា ការកើនឡើង​នៃប្រាក់ឈ្នួល​យ៉ាងឆាប់រហ័ស ដោយ​មិនមាន​ការបង្កើន​​នូវផលិត​ភាព​ការងារ ក៏អាចបង្ករ​​ជាហានិភ័យ​​ក្នុង​ស្រុកធំៗ ដែលធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ការប្រកួត​ប្រជែង​ខាងក្រៅ​​របស់​កម្ពុជា​ផងដែរ ខណៈដែល​កម្ពុជា​នៅតែបន្ត​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​​ដែលមាន​តម្លៃថោក។

របាយការណ៍ពី ADB ដដែលនេះ បានឲ្យដឹង​ទៀតថា គិតនៅ​ក្នុងឆមាស​ទី១ ឆ្នាំនេះ ការនាំចេញ​ទំនិញរបស់​កម្ពុជា កើនឡើង​​ជាង ១៣%   រីឯការ​នាំចូល​វិញ កើនឡើង​ជិត ២៦%។ ឱនភាពគណនី​ចរន្ដ ដោយមិន​រាប់បញ្ជូល​ជំនួយ​ពីក្រៅ​ប្រទេស នឹងកើន​ឡើង ១២% នៃ GDP នៅឆ្នាំនេះ ដែលចំនួននេះ គឺបានកើន​ឡើង​ពីប្រមាណ ១១% ក្នុងឆ្នាំ២០១៧ ។ ប៉ុន្ដែ ឱនភាព​គណនីចរន្ត​​នេះ ត្រូវបានគេ​រំពឹងថា នឹងអាច​​ធ្លាក់ចុះ​មកវិញ នៅឆ្នាំ​ក្រោយ។ 

របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា ជញ្ជីង​ទូទាត់​ជារួម នឹង​នៅ​តែ​បន្តមាន​​អតិរេក ដោយសារតែ​​មានលំហូរ​វិនិយោគ​​ផ្ទាល់​​ពី​បរទេស​រឹងមាំ ជំរុញឲ្យ​ទុនបម្រុង​​បរទេស​​កើន​ឡើង​​ពីជាង ៩ពាន់​​លាន​​ដុល្លារ​​គិតក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ រហូតដល់​​ប្រមាណ​ ១០​ពាន់​​លាន​​ដុល្លារ នៅ​ចុង​ឆ្នាំ​​២០១៨នេះ ដែល​អាច​ទប់ទល់​នឹងការ​​ចំណាយ​​សម្រាប់​ការ​នាំ​ចូល​​បាន​​រយៈពេល ៦​ខែ​។

បើក្រឡេក​ទៅមើល អត្រា​​អតិផរណា​​វិញ របាយការណ៍ ADB បានរក​ឃើញថា មានការ​​ថមថយ​​មក​វិញ ដោយ​​គិត​ជា​មធ្យម ស្ថិតក្នុង​​កម្រិត ២,៤% ប៉ុណ្ណោះ នៅក្នុង​​រយៈពេល ៦​ដំបូង ក្នុង​ឆ្នាំ​​២០១៨ ដោយសារតែ​កំណើន​​តម្លៃ​​ស្បៀង​អាហារ​ស្ថិតនៅ​កម្រិតទាប​។ យ៉ាងណាក៏ដោយ សម្រាប់​អត្រា​អតិផរណា​ជាមធ្យម ​នៅឆ្នាំ​២០១៨នេះ ត្រូវបាន​ព្យាករថា នឹងមាន ២,៦% ហើយ​នៅឆ្នាំ ២០១៩ អាច​នឹងកើន​ដល់ ៣%។ ​ 

ដោយឡែក ការកើនឡើង​​នូវការ​ចំណាយ​​របស់​​រដ្ឋាភិបាល តាមរយៈ​​ការបង្កើន​​ការវិនិយោគ​​សាធារណៈ ​និង​បៀវត្សរ៍​​សម្រាប់​​វិស័យ​​សាធារណៈ ក៏ត្រូវ​បានធនាគារ​អភិវឌ្ឍន៍​អាស៊ី គូសបញ្ជាក់​ដែរថា បាន​​ជួយ​រុញច្រាន​​ដល់កំណើន​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ ​២០១៨​នេះដែរ​។ តួយ៉ាង ចំណូល​​រដ្ឋក្នុង​​រយៈពេល ​៦​ខែ​​ដំបូង ក្នុង​ឆ្នាំ​២០១៨ មានស្មើ​នឹងជាង ​៥៣% នៃ​ផែន​ការ​​ថវិកា​​សម្រាប់​​ឆ្នាំនេះ​។ ទន្ទឹមនឹងនេះ ការចំណាយ​របស់​រដ្ឋវិញ​ ​មាន​ត្រឹម​តែជាង ៣៤% ប៉ុណ្ណោះ នៃផែន​ការ​ប្រចាំឆ្នាំ​។ ប៉ុន្ដែ បើតាម​បទពិសោធន៍​កន្លងមក​ ការចំណាយរបស់​រដ្ឋ​អាចកើន​ឡើង​វិញ នៅចុងឆ្នាំ៕​

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងថា កម្រិតបំណុលសាធារណៈនឹងថយចុះ ២,៣% នៅឆ្នាំនេះ

ព័ត៌មាន
រំលងតែ១ខែប៉ុណ្ណោះ របស់រដ្ឋាភិបាលវៀតណាម បានព្យាករជាថ្មីថា កម្រិតបំណុលសាធារណៈប្រទេសនេះ អាចនឹងថយចុះមកនៅ តែជាង ៦១% ប៉ុណ្ណោះនៃ GDP ខណៈ...

វៀតណាម កម្ពុជា​ ប្រឈម​បញ្ហា​ស្រដៀងគ្នា​ជុំវិញ​លំហូរ​ចូល​នៃ​ទេសចរ​ចិន?

ព័ត៌មាន
លំហូរ​យ៉ាង​គំហុក​នៃ​ទេសចរ​ចិន​ចូល​មក​ក្នុង​ប្រទេស​វៀតណាម បើ​មើល​រូបភាព​ខាង​ក្រៅ គឺ​ជា​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ដ៏​គួរ​ឲ្យ​សា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ