រដ្ឋាភិបាលវៀតណាម ក៏បានស្នើឲ្យក្រសួងផែនការ និងការវិនិយោគ ឲ្យបង្កើតគ្រោងការណ៍ជាក់លាក់ ដើម្បីឈានទៅសម្រេចគោលដៅនេះ ដែលវាជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យឯកជន។
គិតត្រឹមចុឆ្នាំ២០២០ វៀតណាមមានអាជីវកម្មសរុបចំនួនជាង ៨សែនអាជីវកម្ម ដោយមានកំណើនប្រចាំឆ្នាំ១២ ទៅ១៤ភាគរយ ដូច្នេះ វៀតណាមត្រូវការរយៈពេល៥ឆ្នាំ ជាមួយនឹងការជំរុញឲ្យបានកំណើនជាមធ្យមជាង១០% ក្នុងមួយឆ្នាំ ដើម្បីអាចឈានទៅសម្រេចមហិច្ឆតាបង្កើតអាជីវកម្មឲ្យបាន១លាន៥សែនអាជីវកម្មនេះ។
នៅក្នុងឆ្នាំ២០១៦ វៀតណាមបានដាក់គោលដៅបង្កើតឲ្យបាន១លានអាជីវកម្មនៅត្រឹមឆ្នាំ២០២០ តែគោលដៅនេះ មិនបានទទួលជោគជ័យនោះទេ ដោយសារតែចំនួនអាជីវកម្មបិទទ្វារមានការកើនឡើង ពិសេសកាលពីឆ្នាំ២០២០ ដោយសារតែកូវីដ-១៩ រាតត្បាត។ ។ នេះបើតាមក្រសួងផែនការ និងវិនិយោគវៀតណាម។
អនុប្រធានសមាគមសហគ្រាសខ្នាតតូច និងមធ្យមវៀតណាម បាននិយាយថា ដើម្បីសម្រេចបានផែនការ បង្កើអាជីវកម្មឲ្យបាន៥០ម៉ឺន ទៅ៧០ម៉ឺនអាជីវកម្មបន្ថមទៀតនៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ រដ្ឋាភិបាលត្រូវការអភិវឌ្ឍបរិយាកាសអាជីវកម្ម និងនីតិវិធីរដ្ឋបាលឲ្យកាន់តែងាយស្រួលដល់អ្នកវិនិយោគ ក៏ដូចជាការអាជីវកម្ម។
អ្នកជំនាញបានលើកឡើងទៀតថា វៀតណាមត្រូវតែកាត់បន្ថយបន្ទុកចំណាយក្រៅផ្លូវការសម្រាប់ការធ្វើអាជីវកម្មបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា វៀតណាមបច្ចុប្បន្នមានអាជីវកម្មខ្នាតតូចប្រហែល៥លាន៤សែនអាជីវកម្មមិនទាន់មានការចុះបញ្ជីនោះទេ។ សម្រាប់អាជីវកម្មដែលបានចុះបញ្ជីផ្លូវការនៅវៀតណាម ជាង៨សែនអាជីវកម្មនៅវៀតណាម បានចូលរួមចំណែកប្រហែល១០% នៃ GDP ខណៈដែលអាជីវកម្មក្រៅផ្លូវការបានចូលរួមចំណែក៣០%នៃ GDP៕