ការខាតបង់ជាបន្តបន្ទាប់នេះ បានបំពានទៅលើលក្ខខណ្ឌ ហើយក៏តម្រូវឱ្យលុបឈ្មោះក្រុមហ៊ុន ចេញពីបញ្ជីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមរួចទៅហើយ ព្រោះបើតាមច្បាប់ ប្រសិនបើក្រុមហ៊ុនណាមានការបាត់បង់សុទ្ធសម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ឬការខាតបង់សរុប លើសពីដើមទុនភាគហ៊ុនរបស់ខ្លួន នោះក្រុមហ៊ុននោះត្រូវតែលុបឈ្មោះចេញពីបញ្ជីតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
ទោះបីជាបរិយាកាសធុរកិច្ចមានភាពប្រសើរឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានប្រកាសពីការខាតបង់សុទ្ធចំនួន ១០៨ លានដុល្លារ សម្រាប់រយៈពេលបីខែចុងក្រោយឆ្នាំ២០២២ ពោលគឺគិតត្រឹមខែធ្នូឆ្នាំមុន ហើយក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២១ បានខាតបង់ចំនួន ៤៩លានដុល្លារ។
កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលវៀតណាមបានកាន់កាប់ចំណែក ៨៦% នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហូជីមិញ ខណៈក្រុមហ៊ុន ANA Holdings របស់ប្រទេសជប៉ុនមានភាគហ៊ុនប្រហែល ៥,៦% នៅក្នុងក្រុមហ៊ុនមួយនេះ។
គួរជម្រាបថា វៀតណាមបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការទាក់ទងទៅនឹងកូវីដ១៩បានលឿនជាងប្រទេសជិតខាងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទៅទៀត ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកវិញមានប្រហែល ១០២លាននាក់ លើសពីតួលេខមុនការរាតត្បាតនៅឆ្នាំ ២០១៩ ទៀត ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានចាប់ផ្ដើមជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះរកចំណូលបានមកវិញជាបណ្តើរៗដូចគ្នា។ ប៉ុន្តែក្រុមហ៊ុនត្រូវចំណាយប្រាក់បន្ថែមសម្រាប់សងបំណុលដោយសារតែលុយដុងធ្លាក់ចុះ ដោយសារការសងបំណុលត្រូវគិតជាប្រាក់ដុល្លារ និងអត្រាការប្រាក់កើនឡើងផងដែរ។ ម៉្យាងវិញទៀត វៀតណាមក៏បានរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
សូមជម្រាបថា នាយកប្រតិបត្តិក្រុមហ៊ុន Vietnam Airlines នៅពេលនេះបាននឹងកំពុងរិះរកវិធីដើម្បីជៀសវាងការលុបឈ្មោះចេញពីផ្សារហ៊ុន។ Vietnam Airlines ជឿថាគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកប្រាក់ចំណូលឡើងវិញនៅឆ្នាំ ២០២៣នេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែព្រួយបារម្មណ៍ពីការប្រកួតប្រជែងពីក្រុមហ៊ុនអាកាសចរណ៍ VietJet Air ដែលជាក្រុមហ៊ុនធំជាងគេមួយនៅវៀតណាម និងក៏ដូចជាក្រុមហ៊ុន Bamboo Airways៕