វិស័យពាណិជ្ជកម្ម

តើវៀតណាម និងថៃ កំពុងត្រៀមអ្វីខ្លះ ដើម្បីចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក?


វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា បានសម្រេចបង្កើនការនាំចូលផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិក ក្នុងទំហំប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដើម្បីផ្គាប់ចិត្តសហរដ្ឋអាម៉េរិក មុនការចរចាពន្ធបដិការជុំទី៣ ជាមួយមហាអំណាចមួយនេះ។ ដោយឡែក ប្រទេសថៃ ក៏កំពុងពិនិត្យមើលយុទ្ធសាស្ត្រចរចារបស់ខ្លួនឡើងវិញ រួមទាំងកិច្ចព្រមព្រៀងទិញយន្តហោះពីសហរដ្ឋអាម៉េរិក ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសវៀតណាម និងប្រទេសថៃ ពេលនេះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅមុនការចរចាពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាម៉េរិក ស្របពេលប្រទេសទាំងពីរនេះទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីក្រុងវ៉ាស៊ីនតោន ដែលទាមទារឱ្យប្រទេសទាំងពីររក្សាតុល្យភាពរំហូរពាណិជ្ជកម្មឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់របស់មហាយក្សចិន​។

ក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម កំពុងរៀបចំការឆ្លើយតបយ៉ាងលម្អិតចំពោះការទាមទារដ៏តឹងតែងរបស់សហរដ្ឋអាម៉េរិក រួមទាំងការងាកចេញពីគ្រឿងបង្គុំ ឬវត្ថុធាតុដើមដែលផលិតដោយប្រទេសចិន និងការលើកកម្ពស់តម្លាភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ ការទាមទាររបស់សហរដ្ឋអាម៉រិកនេះកើតឡើង នៅពេលដែលអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ជាមួយសហរដ្ឋអាម៉េរិក បានកើនឡើងរហូតដល់ជិត៤២% ក្នុងខែឧសភា ឈានដល់ជាង១២ពាន់លានដុល្លារអាម៉េរិក។

ដើម្បីបន្ធូរបន្ថយភាពតានតឹង បណ្ដាក្រុមហ៊ុនវៀតណាម បានចុះកិច្ចព្រមព្រៀងទិញផលិតផលកសិកម្មអាម៉េរិក ក្នុងទំហំប្រមាណ៣ពាន់លានដុល្លារ។

សូមបញ្ជាក់ថា កិច្ចចរចាជុំទី៣ របស់វៀតណាម ជាមួយសហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងធ្វើឡើងមុនខែកក្កដា ពោលគឺឱ្យបានមុនការពន្យារពេលអនុវត្តពន្ធគយ៤៦%របស់សហរដ្ឋអាម៉េរិកផុតកំណត់។

ទន្ទឹមនេះប្រទេសថៃ ក៏កំពុងចាត់វិធានការយ៉ាងលឿនផងដែរ ដើម្បីឈានដល់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ បន្ទាប់ពីតុលាការអាម៉េរិក បានចេញសេចក្តីសម្រេចចោទសួរជុំវិញភាពស្របច្បាប់នៃសកម្មភាពពន្ធនាពេលកន្លងមក ក្រុមមន្ត្រីពាណិជ្ជកម្មថៃ កំពុងពិនិត្យមើលយុទ្ធសាស្រ្តចរចារបស់ខ្លួនឡើងវិញ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ពិឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានបង្ហាញពីវឌ្ឍនភាពនៃការចរចាជាមួយសហរដ្ឋអាម៉េរិក ដោយលោកបានលើកឡើងថា ការទិញយន្តហោះរបស់សហរដ្ឋអាម៉េរិក អាចជាផ្នែកមួយនៃកញ្ចប់ពាណិជ្ជកម្មរបស់ថៃ។

ខណៈដែលឱសានវាទកាន់តែខិតជិតមកដល់ រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ កំពុងប្រឹងប្រែងដុតដៃដុតជើងធ្វើយ៉ាងណាបញ្ចៀសពន្ធខ្ពស់កប់ពពករបស់សហរដ្ឋអាម៉េរិក គួបផ្សំនឹងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែងជាមួយក្រុងវ៉ាស៊ីនតោន ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក.ប.ប. កំពុងផ្ទៀងផ្ទាត់លទ្ធផលសំណាកលើផ្លែទុរេនមួយ ដែលសង្ស័យអាចមានផ្ទុកសារធាតុគីមីហាមឃាត់

ក្រោយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកនៅលើផ្លែទុរេននាំចូលពីប្រទេសជិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ