ប្រទេសវៀតណាមទើបចេញក្រឹត្យថ្មីមួយកាលពីពេលថ្មីៗ ដោយទាមទារឱ្យក្រុមហ៊ុន Facebook និងក្រុមហ៊ុន TikTok ព្រមទាំងកម្មវិធីបណ្តាញសង្គមផ្សេងៗទៀតផ្ទៀងផ្ទាត់លេខទូរសព្ទរបស់អ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់ និងហាមក្មេងអាយុក្រោម១៦ឆ្នាំប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្រុងហាណូយបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលបំពានវិធានការនេះអាចប្រឈមនឹងការបិទប្រតិបត្តិការ ហើយក្រុមហ៊ុនទាំងនេះក៏ត្រូវអនុវត្តបទបញ្ញត្តិផ្សេងទៀតដូចជាការលុបចោលមាតិកាណា ដែលប៉ះពាល់ដល់មន្ត្រីក្នុងរយៈពេល២៤ម៉ោង និងការដាក់កម្រិតព័ត៌មាននៅតាមគណនីមិនផ្លូវការផងដែរ។
ក្រុមហ៊ុនអ៊ីនធឺណិតមានពេល៧៥ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់លេខទូរសព្ទ ឬអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់។ ក្រសួងព័ត៌មានបាននិយាយថា ជាងនេះទៅទៀត ពួកគេគួរតែផ្តល់ព័ត៌មានពីការបំពានអ្នកប្រើប្រាស់ដល់ភ្នាក់ងារគ្រប់គ្រងរដ្ឋតាមការស្នើសុំ។ អ្នកប្រើអាចត្រូវបានចាត់ទុកថា បានបំពានលើគោលនយោបាយជាច្រើនដូចជាការបង្ខូចកេរ្តិ៍ឈ្មោះអាជ្ញាធរជាដើម។
លោកស្រី ផេទ្រីសៀ ហ្គូស្មេន (Patricia Gossman) នាយករងនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បាននិយាយថា ប៉ូលិសវៀតណាមតែងចាត់ទុកការរិះគន់លើបក្សកុម្មុយនីស្តវៀតណាមថា ជាបញ្ហាសន្តិសុខជាតិ ដូច្នេះវិធានការខាងលើនឹងផ្តល់ឱ្យពួកគេនូវឧបករណ៍មួយផ្សេងទៀត ដើម្បីបង្ក្រាបលើក្រុមអ្នកប្រឆាំងថែមទៀត។
បើតាមក្រុមហ៊ុនស្រាវជ្រាវ Decision Lab នៅទីក្រុងហូជីមិញ ប្រជាពលរដ្ឋវៀតណាម ចំនួន៩២% បានលេងហ្វេសប៊ុក និងកម្មវិធីអេបក្នុងស្រុកសម្រាប់ផ្ញើសារ Zalo៕
អត្ថបទ៖ សុខ មង្គល