រដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងការចាក់ដីពង្រីកដែនកោះនៅក្នុងសមុទ្រចិនខាងត្បូង។ តែយ៉ាងណាក្រសួងការបរទេសរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះមិនបានបញ្ជាក់ពីឈ្មោះប្រទេសដែលបានបំពានដែនសមុទ្រនេះ ប៉ុន្តែគេសន្និដ្ឋានថាអាចសំដៅទៅលើប្រទេសចិន។
ក្រសួងការបរទេសវៀតណាម អះអាងថា ការដាក់ពាក្យបណ្ដឹងរបស់វៀតណាម ទៅកាន់អង្គការសហប្រជាជាតិប្រឆាំងនឹងការចាក់ដីពង្រីកដីកោះលើសពីចម្ងាយជាង៣៧០គីឡូម៉ែត្រនេះ គឺជាការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីរដ្ឋ ស្របតាមការងារក្របខ័ណ្ឌដែនសមុទ្រ។ នេះគឺជាការដាក់ពាក្យលើកទី៣របស់វៀតណាម ប្រឆាំងនឹងការពង្រីកដីកោះសមុទ្រ រួមទាំងពាក្យបណ្ដឹងទាក់ទងនឹងតំបន់ខាងជើងនៃសមុទ្រចិនខាងត្បូង ឬសមុទ្រខាងកើតរបស់វៀតណាម និងពាក្យបណ្ដឹងរួមគ្នាជាមួយនឹងប្រទេសម៉ាឡេស៊ីពាក់ព័ន្ធនឹងផ្នែកខាងត្បូងនៃតំបន់នេះនៅក្នុងឆ្នាំ២០០៩ ផងដែរ។
ប្រទេសចិន បានទាមទារស្ទើរតែទាំងស្រុងនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលទាមទារដោយប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមផងដែរ។ ផ្នែកផ្លូវទឹកយុទ្ធសាស្ត្រមួយចំនួនដែលជាច្រកឆ្លងពាណិជ្ជកម្មមានតម្លៃ៣ទ្រីលានដុល្លាររៀងរាល់ឆ្នាំត្រូវបានគេជឿថា សម្បូរទៅដោយរ៉ែប្រេង និងឧស្ម័នធម្មជាតិ ក៏ធនធានត្រី។
ក្រសួងការបរទេសវៀតណាម បាននិយាយថា វៀតណាម ក៏បានផ្ញើកំណត់ហេតុមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីជំហររបស់វៀតណាមទាក់ទងនឹងការដាក់ពាក្យបណ្ដឹងស្រដៀងគ្នារបស់ប្រទេសហ្វីលីពីន ដែលបានដាក់កាលពីខែមុនផងដែរ។ វៀតណាម បានអះអាងជាថ្មីទៀតអំពីដែនអធិបតេយ្យរបស់ខ្លួនចំពោះប្រជុំកោះប៉ារ៉ាសែល និងកោះស្ព្រេតលី (Spratly) ស្របតាមច្បាប់អន្តរជាតិ៕
អត្ថបទ៖ សុខ មង្គល