បច្ចុប្បន្ននេះ រដ្ឋសភាវៀតណាម កំពុងសិក្សាទៅលើ សំណើរបស់រដ្ឋាភិបាលវៀតណាម ក្នុងការកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ៣០% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១នេះ។
វិស័យដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធនេះ រួមមានវិស័យដឹកជញ្ជូន, វិស័យសេវាកម្មស្នាក់នៅ, វិស័យចំណីអាហារ និងភេសជ្ជៈ, វិស័យផ្សព្វផ្សាយ និងវិស័យទាក់ទងនិងការកម្សាន្ត។
ជាក់ស្តែង ប្រទេសវៀតណាម កំណត់ពន្ធអាករលើតម្លៃបន្ថែម ១០% សម្រាប់តម្លៃទំនិញទូទៅ និង ១៥% សម្រាប់ទំនិញប្រណិត ហើយការកាត់បន្ថយប្រភេទពន្ធនេះ នឹងធ្វើឲ្យរដ្ឋាភិបាលវៀតណាម បាត់បង់ប្រាក់ចំណូលប្រមាណ ២២០លានដុល្លារអាមេរិក។
លោក ហូ ឌឹកភុក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ការលើកលែងពន្ធនេះ នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ អ្នកប្រើប្រាស់ ដោយសារតែវាជួយកាត់បន្ថយតម្លៃទំនិញ និងជំរុញការលក់ឲ្យកាន់តែសកម្ម។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលវៀតណាម ក៏បានរៀបចំសំណើសុំកាត់បន្ថយពន្ធលើប្រាក់ចំណូលសាជីវកម្មប្រមាណ ៣០% សម្រាប់អាជីវកម្ម ដែលមានប្រាក់ចំណូលទាបជាង ៨លាន ៨សែនដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១នេះ ហើយការដាក់លក្ខខណ្ឌនេះ សម្រាប់តែ អាជីវកម្មឡាយណា ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ពិតប្រាកដតែប៉ុណ្ណោះ។
ពិតណាស់ វៀតណាម បានកំណត់ពន្ធលើប្រាក់ចំណូលសាជីវកម្មប្រចាំឆ្នាំ រង្វង់ ២០% ទៅ ២២% ហើយ រដ្ឋាភិបាលវៀតណាម នឹងបាត់បង់ប្រាក់ចំណូលប្រមាណ ៩៦លានដុល្លារអាមេរិក ពីការលើកលែងពន្ធនេះ។
ក្រៅពីនេះ រដ្ឋាភិបាលវៀតណាម ក៏បានរៀបចំសំណើសម្រាប់បុគ្គល និងអាជីវកម្មគ្រួសារ ដើម្បីទទួលបាន ពន្ធសូន្យលើប្រាក់ចំណូល ការលើកលែងពន្ធអាករលើតម្លៃបន្ថែម និងពន្ធជាច្រើនប្រភេទទៀត នៅក្នុងត្រីមាសទី ៣ និងទី ៤ ឆ្នាំ ២០២១នេះ។
វៀតណាម ក៏មានបំណងលុបចោលការប្រមូលប្រាក់ពិន័យពី ការបង់ពន្ធយឺតយ៉ាវរបស់អាជីវកម្មដែលមានការខាតបង់ក្នុងឆ្នាំ ២០២១នេះ ដែលចំណុចទាំងអស់ខាងលើ ធ្វើឲ្យរដ្ឋាភិបាលវៀតណាម ខាតបង់ប្រាក់ចំណូលសរុបប្រមាណ ៩៣២លានដុល្លារអាមេរិក៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍