វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍលំនៅដ្ឋាន ជាពិសេសគម្រោងលំនៅដ្ឋានសង្គមកិច្ច ព្រមទាំងគម្រោងបង្កើតតំបន់ទីក្រុង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានានៅក្នុងប្រទេសវៀតណាម ហើយរដ្ឋក៏ត្រូវការពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ដើម្បីគាំទ្រទីផ្សារសម្ភារសំណង់ផងដែរ។ នេះគឺជាការអះអាងរបស់ក្រុមមេដឹកនាំឧស្សាហកម្មសម្ភារៈសំណងនានានៅក្នុងប្រទេសវៀតណាម ដែលត្រូវបានសារព័ត៌មាន Vietnam News ស្រង់យកមកចុះផ្សាយ។
ពួកគេបានអះអាងថា ការពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ និងការធ្វើឱ្យទីផ្សារអចលនទ្រព្យមានសកម្មភាព គឺជាបញ្ហាបន្ទាន់ ដើម្បីសង្គ្រោះឧស្សាហកម្មគ្រឿងសំណង់ ដែលស្ថិតក្នុងការកកស្ទះ ហើយខ្លះទៀតកំពុងស្ថិតនៅក្នុងស្ថានភាពជិតក្ស័យធន។
លោក ឡេ កាងហាង ( Lê Quang Hùng) ប្រធានសមាគមបេតុងវៀតណាម បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យបានស្ទះដោយសារការធ្លាក់ចុះដ៏គំហុកនៃប្រភពផ្គត់ផ្គង់គ្រឿងសំណង់ថ្មី និងដោយសារការធ្លាក់ចុះនៃទីផ្សារសាច់ប្រាក់ដែលបណ្ដាលមកពីការរឹតបន្តឹងផ្លូវច្បាប់ ហើយការតម្លើងអត្រាការប្រាក់លើប្រាក់កម្ចី កំពុងបន្ថយសមត្ថភាពទិញលំនៅដ្ឋាន។
មកដល់ពេលនេះគេដឹងថា ការបញ្ចេញសាច់ប្រាក់សម្រាប់ទ្រទ្រង់ការវិនិយោគសាធារណៈ ដែលជាកត្តាជំរុញកំណើនដ៏សំខាន់ គឺមានអត្រាទាប។ ស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមបានបង្ហាញថា អត្រានៃការផ្ដល់ប្រាក់សម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈនៅពេលនេះ គឺមានត្រឹមតែជិត ១៥ ភាគរយនៃផែនការឆ្នាំនេះប៉ុណ្ណោះ ពោលគឺទាបជាងរយៈពេលដដែលកាលពីឆ្នាំមុនដែលមានអត្រាជាង ១៨ ភាគរយ។
លោក ឌិញ កុកថៃ ( Đinh Quốc Thái ) អនុប្រធានសមាគមដែកថែបវៀតណាម បានថ្លែងថា ការផលិតនិងការលក់ដែកថែបបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះ។ ផលិតកម្មដែកត្រូវបានគេព្យាករថានឹងកើនឡើងពី ២ ទៅ ៣ ភាគរយនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ប៉ុន្តែទីផ្សារគ្រឿងដែកនៅតែមិនទាន់អាចព្យាករបាននៅឡើយ។
ដោយឡែក លោក ឌិញ កាងហ៊ុយ ( Định Quang Huy) ប្រធានសមាគមសេរ៉ាមិចសំណង់វៀតណាម បានចែករំលែកថា ឧស្សាហកម្មសេរ៉ាមិចសំណង់នៅក្នុងប្រទេសនេះបានធ្លាក់ចុះពី៣០ ទៅ ៣៥ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ លោកបន្តថា នៅពេលនេះផលិតកម្មប្រព្រឹត្តទៅបានត្រឹមតែពី ៥០ ទៅ ៦០ ភាគរយ នៃសមត្ថភាពផលិតប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក លូង ដាក់ ឡុង ( Lương Đức Long) អនុប្រធានសមាគមផលិតស៊ីម៉ងត៍វៀតណាម ក៏បានឲ្យដឹងដែរថា ការផលិតស៊ីម៉ងត៍បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយមកដល់ពេលនេះឧស្សាហកម្មស៊ីម៉ងត៍ក៏ប្រឈមនឹងការលំបាកផ្សេងទៀត រួមមានការឡើងថ្លៃប្រេង ថ្លៃដឹកជញ្ជូន និងកំណើនទំនិញក្នុងឃ្លាំង។
លោក ផាម វានបាក់ (Pham Văn Bắc ) ប្រធាននាយកដ្ឋានសម្ភារៈសំណង់នៃក្រសួងសំណង់ បានមានអះអាងថា ឱនភាពសេដ្ឋកិច្ចបានធ្វើឱ្យការប្រើប្រាស់គ្រឿងសំណង់ធ្លាក់ចុះខ្លាំង។ លោកបានបន្តថា ទិន្នផលនៃផលិតកម្មសម្ភារៈសំណង់នៅពេលនេះលើសពីតម្រូវការទីផ្សារនៅក្នុងស្រុក ពី ១០ ទៅ ៣០ ភាគរយ។ លោកជំរុញឱ្យសហគ្រាសកែតម្រូវផែនការផលិតកម្មរបស់ពួកគេ ដោយផ្អែកលើតម្រូវការទីផ្សារ ហើយងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយថ្លៃដើមនិងបង្កើនភាពប្រកួតប្រជែង៕
ដោយៈ សរ សុជាតិ