វៀតណាមបានចាប់ផ្តើមយុទ្ធនាការថ្មីរយៈពេលពីរសប្តាហ៍ទៀត ចាប់ពីថ្ងៃចន្ទសប្តាហ៍នេះ រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ដោយនៅទីក្រុងហូជីមិញបានដាក់ពង្រាយកម្លាំងយោធាក្នុងការដើរល្បាតដើម្បីធានាឱ្យបាននូវវិធានការគម្លាតសង្គមត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅទូទាំងចំណុចកណ្តាលទីក្រុងហូជីមិញ។
ក្នុងពេលជាមួយគ្នានេះ គ្រូពេទ្យជាង ២ពាន់នាក់ និងរថយន្តសង្គ្រោះបន្ទាន់ ៣០គ្រឿងដែលគ្រប់គ្រងដោយយោធានៅភាគខាងជើងនឹងត្រូវបញ្ជូនទៅទីក្រុងហូជីមិញដើម្បីចូលរួមធ្វើតេស្តនិងព្យាបាលអ្នកជំងឺកូវីដ ។
សូមបញ្ជាក់ដែរថា កងកម្លាំងទាំងអស់មុនពេលបំពេញកាតព្វកិច្ចត្រូវតែបានចាក់វ៉ាក់សាំងលើកទី១រួចរាល់ និងត្រូវធ្វើតេស្តរកមេរោគកូវីដថ្មីរៀងរាល់បីថ្ងៃម្តង។
ទីក្រុងហូជីមិញ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងរលកឆ្លងកូវីដ ដែលកំពុងបន្តកើតមាន ពោលប្រជាជនក្នុងទីក្រុងនេះ រួមទាំងជនចំណាកស្រុកចំនួនជាង ១សែន ៧ម៉ឺននាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ និង មានអ្នកស្លាប់ប្រមាណ ៦ពាន់ ៥រយនាក់។
ប្រការនេះហើយបានធ្វើឱ្យ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បញ្ជាឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទូទាំងទីក្រុងហូជីមិញ។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជានៃការឆ្លងក្នុងទីក្រុងហូជីមិញ ថ្មីៗនេះក៏បានបង្កការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ាជុំវិញការរឹតត្បិតការទិញម្ហូបអាហារផងដែរ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ការហាមឃាត់ការទិញទំនិញត្រូវបានអនុវត្តចាប់ពីថ្ងៃទី ២៣ ខែសីហារហូតដល់ថ្ងៃទី ៦ ខែកញ្ញា។ ទោះយ៉ាងណា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បាននិយាយថា នឹងធានាឱ្យបាននូវការផ្តល់ស្បៀងអាហារដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
សូមជម្រាបថា ពលរដ្ឋវៀតណាមបានចាក់វ៉ាក់សាំង១ដូសសរុបមានប្រមាណ ១៥លាននាក់ និងចាក់បានគ្រប់២ដូសមានជិត ១លាន ៨សែននាក់ ដែលតិចជាង ២% នៃប្រជាជនសរុប ៩៨លាននាក់៕
អត្ថបទ៖ ស៊ើង និមល់