ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង វៀតណាមត្រូវការមូលនិធិប្រមាណជា៣៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បណ្តាញស្ថានីយសាកថាមពល។ តាមផែនការដែលបានគ្រោងទុក វៀតណាមចង់ឲ្យប្រទេសប្រើប្រាស់រថយន្តអគ្គិសនីលើសពីជិត៣លានគ្រឿង នៅចន្លោះពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣៥ ហើយដល់៣លានគ្រឿង ពីឆ្នាំ២០៣៦ ដល់ឆ្នាំ២០៥០។ ដើម្បីសម្រេចផែនការនេះនៅឆ្នាំ២០៣០ វៀតណាមត្រូវការថវិកាកសាងស្ថានីយសាកថាមពលចំនួន២,២ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០៤០ ត្រូវការថវិកាជិត១៤ពាន់លានដុល្លារ និងនៅឆ្នាំ២០៥០ ត្រូវការថវិការហូតដល់ទៅជិត៣៣ពាន់លានដុល្លារ។
លោកបណ្ឌិត ដាំ ហាង ភុច (Đàm Hoàng Phúc ) សាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ បានចាត់ទុកផែនការ អភិវឌ្ឍន៍វិស័យយានយន្តខាងលើជាយន្តការច្បាស់លាស់មួយរបស់រដ្ឋាភិបាលវៀតណាម ដើម្បីទាក់ទាញការវិនិយោគ។
ដោយឡែក លោកស្រី ឃ្វៀន ធី ផុងហៀន (Nguyễn Thị Phương Hiền ) នាយករងនៃវិទ្យាស្ថានយុទ្ធសាស្ត្រដឹកជញ្ជូន និងអភិវឌ្ឍន៍វៀតណាម បានអះអាងថា គោលនយោបាយលើការផ្លាស់ប្តូរថាមពលស្អាតនៅវៀតណាម នៅមានកង្វះខាតគោលនយោបាយគាំទ្រសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់វៀតណាម VinFast បានអះអាងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ខ្លួនលក់រថយន្តអគ្គសនីក្នុងស្រុកបានតែចំនួន៥ម៉ឺន១ពាន់គ្រឿងប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ