ក្រសួងហិរញ្ញវត្ថុវៀតណាមបានកត់សម្គាល់ឃើញថា បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នៅក្នុងពាក់កណ្ដាលខែកុម្ភៈកន្លងផុតទៅ គេសង្កេតឃើញ អាជីវកម្មដែលបានរងផលប៉ះពាល់ដោយសារតែវិធានការទប់ស្កាត់កូវីដ-១៩ បានត្រឡប់មករកស្ថានភាពប្រក្រតីវិញ និង បានធ្វើឲ្យមានផលវិជ្ជមានដល់ការប្រមូលចំណូលថវិការដ្ឋ និងការចំណាយនៅក្នុងត្រីមាសទី១ឆ្នាំ២០២១។
ការប្រមូលចំណូលពីប្រភពក្នុងស្រុកនៅវៀតណាមសម្រេចបាន៣០% នៃផែនការនៅឆ្នាំ២០២១ ខណៈដែលចំណូលបានមកពីប្រេងឆៅមានជាង៣៤% នៃផែនការ ប៉ុន្ដែមានការធ្លាក់ចុះ៥០% ធៀបនឹងត្រីមាសទី១ឆ្នាំមុន។ រីឯការប្រមូលចំណូលពីការនាំចេញ-នាំចូល វិញមានជាង៣០% នៃផែនការប្រចាំឆ្នាំកើនឡើងជិត១០%។
ដោយឡែក ចំពោះប្រាក់ចំណូលដែលបានមកពីសហគ្រាសរដ្ឋវិញមានការកើនឡើង៥%, ចំណូលពីអាជីវកម្មវិនិយោគដោយបរទេសមានការកើនឡើង៨% និងចំណូលពីវិស័យឯកជនកើនឡើងជាង២២%។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានបញ្ជាក់ថា លទ្ធផលប្រមូលចំណូលថវិការដ្ឋកើនឡើងនេះ ដោយសារតែការងើបឡើវិញជាវិជ្ជមាននៃសេដ្ឋកិច្ច ក៏ដូចជាប្រសិទ្ធភាពនៃគោលនយោបាយស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ការគាំទ្រដល់អាជីវកម្ម និង ប្រជាជនដើម្បីទប់ទល់នឹងការផ្ទុះការរាលដាលនៃមេរោគកូវីដ។
ជាមួយគ្នានេះ ទិន្នន័យបានបង្ហាញដែរថា ការចំណាយថវិការដ្ឋរបស់វៀតណាមបានកើនឡើងដល់ទៅប្រមាណ ១៥ពាន់លានដុល្លារនៅ៣ខែដំបូងនៃឆ្នាំ២០២១ ស្មើនឹងជាង២០% នៃគោលដៅចំណាយនៅឆ្នាំនេះ ពោលកើនឡើង០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា តាមការព្យាករពីធនាគារពិភពលោក នៅឆ្នាំ២០២១ វៀតណាមនឹងមានកំណើនសេដ្ឋកិច្ច៦,៦% ខណៈដែលកាលពីឆ្នាំ២០២០មានកំណើន២,៩%៕