សេដ្ឋកិច្ចវៀតណាម

វៀតណាមរំពឹងកំណើនសេដ្ឋកិច្ច៨% នៅឆ្នាំ២០២២ ជាកំណើនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍


ប្រទេសវៀតណាម រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២២ នឹងកើនដល់ ៨% ដែលជាកំណើនខ្ពស់ជាងប្រទេសណាណាទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈគិតត្រឹមនៅ៩ខែឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេ១២ឆ្នាំកន្លងមកនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃការិយាល័យស្ថិតិទូទៅវៀតណាម។
វៀតណាមរំពឹងកំណើនសេដ្ឋកិច្ច៨% នៅឆ្នាំ២០២២ ជាកំណើនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍

លោក Le Trung Hieu អគ្គនាយករងនៃ ការិយាល័យស្ថិតិទូទៅវៀតណាម បានអះអាងថា តាមការរំពឹងទុក សេដ្ឋកិច្ចវៀតណាម នឹងកើនឡើង៨% នៅឆ្នាំ២០២២ បើទោះបីជា នៅត្រីមាសកន្លងទៅនេះ ស្ថានភាពសេដ្ឋកិច្ចមិនសូវជាអំណោយផលក្ដី។

សេដ្ឋកិច្ចវៀតណាម នៅ៩ខែដំបូងនៅឆ្នាំ២០២២ បានកើនឡើងជាង ៨,៨% ដែលជាកំណើនមួយខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ២០១១មក ហើយកំណើននេះទៀតសោត ត្រូវបានរួមចំណែកដោយកំណើនជិត ១៣,៧% នៅត្រីមាសទី៣។

អ្នកជំនាញផ្នែកស្រាវជ្រាវសេដ្ឋកិច្ចតំបន់អាស៊ីរបស់ធនាគារ HSBC បាននិយាយថា វៀតណាមគឺជាប្រទេស ដែលមានសេដ្ឋកិច្ចដ៏លេចធ្លោមួយ នៅអំឡុងពេលដែលសេដ្ឋកិច្ចសាកលកំពុងតែអាប់អួ។ អ្នកជំនាញសេដ្ឋកិច្ចបន្ថែមថា សេដ្ឋកិច្ចសកលកំពុងប្រឈមនឹងបញ្ហាអតិផរណាកើនឡើង តម្រូវការប្រើប្រាស់នៅអឺរ៉ុបមានការធ្លាក់ចុះ ដោយសារតែតម្លៃថាមពលក្នុងតំបន់នោះហក់កើនឡើងខ្ពស់។

បន្ថែមពីនេះ បញ្ហាវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ និងគោលនយោបាយគ្មានកូវីដ១៩របស់ប្រទេសនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់អំណាចនៃការបញ្ជាទិញផងដែរ។ ស្ថានភាពនេះ ក៏បានធ្វើឲ្យប៉ះពាល់មកដល់ប្រទេសវៀតណាមដែរ ប៉ុន្ដែ បើមើលជារួមវៀតណាមនៅតែមានភាពធន់ក្នុងការទ្រទ្រង់ការលំបាកទាំងនេះ។

ធនាគារ HSBC ដែលមានមូលដ្ឋាននៅហុងកុង បានប៉ាន់ប្រមាណសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២២នេះថានឹងកើនឡើង ៦,៩% ជាកម្រិតកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលធនាគារអភិវឌ្ឍអាស៊ីវិញ បានព្យាករថានឹងមានកំណើន៦,៥%។

ដោយឡែក តាមការព្យាករថ្មីចុងក្រោយរបស់ធនាគារពិភពលោកចំពោះកំណើនសេដ្ឋកិច្ចវៀតណាមវិញ គឺមាន៧,២% នៅឆ្នាំ២០២២ ជាកំណើនមួយខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ វៀតណាមក៏ត្រូវបានគេរំពឹងថា នឹងបន្ដជាប្រទេសដែមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតនៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៣។

ទោះជាយ៉ាងណា ប្រទេសក្បែរខាងកម្ពុជាមួយនេះ នៅតែប្រឈមនឹងការរងផលប៉ះពាល់ ដោយសារតែបញ្ហាសកលមួយចំនួន ដូចជាបញ្ហាតម្លៃថាមពលឡើងថ្លៃ និងសម្ភារវត្ថុធាតុដើមឡើងថ្លៃជាដើម។

ប្រធានសភាពាណិជ្ជគម្មអឺរ៉ុបប្រចាំវៀតណាម លោក Alain Cany បានគូសបញ្ជាក់ថា ផលតិផលទំនិញប្រើប្រាស់ វាយណ្ឌ និងអេឡិចត្រូនិក កំពុងចាប់ផ្ដើមដំឡើងថ្លៃកាន់តែខ្ពស់ ដោយសារតែផលរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហារឹតបន្ដឹងវិធានការគ្មានកូវីដ១៩របស់ទីក្រុងប៉េកាំងជាដើម។ ប្រទេសវៀតណាម អាចប្រឈមបញ្ហាលើការនាំចូលវត្ថុធាតុដើម ប្រសិនបើប្រទេសចិន បន្ដពង្រីការបិទខ្ទប់របស់ខ្លួន ព្រោះមានដល់ទៅ ៥៥% នៃវត្ថុធាតុដើម និងគ្រឿងប្រើប្រាស់នាំចូលរបស់វៀតណាម គឺបាននាំចូលពីប្រទេសចិន។ ដោយឡែក ចំពោះការនាំចេញវិញ វៀតណាមក៏អាចជួបផលប៉ះពាល់ដោយសារតែបញ្ហាតម្រូវការធ្លាក់ចុះទាបនៅតំបន់អឺរ៉ុប អាមេរិក និងទីផ្សារចិនផងដែរ។ នេះបើតាមការអះអាងរបស់អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារ HSBC៕




អត្ថបទបន្ទាប់


ជប៉ុនចំណាយជិត ២០ពាន់លានដុល្លារធ្វើអន្តរាគមន៍ទប់តម្លៃប្រាក់យ៉េនដែលកំពុងដាំក្បាលចុះខ្លាំង

ប្រទេសជប៉ុនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ជិត២០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសកាលពីស…

រុស្ស៊ីវេតូជំទាស់ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ លើការកាត់បញ្ចូលដែនដីអ៊ុយក្រែន ខណៈចិនបោះឆ្នោតអនុប្បវាទ

មហាអំណាចរុស្សីកាលពីថ្ងៃសុក្រ ទី ៣០ កញ្ញា បានវេតូប្រឆាំងលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលស្នើដោយអាមេរិក និងអាល់បានីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ