ការនាំចេញផ្លែស្វាយភាគច្រើនរបស់វៀតណាម គឺបាននាំចេញទៅកាន់ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសចិន ក្នុងចំណោមប្រទេសដទៃទៀត ជាមួយនឹងការនាំចេញទៅកាន់ទីផ្សារប្រកួតប្រជែង ដូចជាប្រទេសជប៉ុនដែលជាទីផ្សារនាំចេញដ៏ពិបាកនោះ ក៏មាន កើនឡើងបីដងដល់ទៅ ៦៤០ តោនផងដែរ។
បើយោងតាមលោក Nguyen Dinh Tung ប្រធានក្រុមហ៊ុន Vina T&T Group ដែលបាននាំចេញផ្លែស្វាយតាំងពីឆ្នាំ ២០១៩ មក បានឲ្យដឹងថា ជាមួយបច្ចេកវិជ្ជាអភិរក្សរបស់ក្រុមហ៊ុនលោកអាចរក្សាទុកគុណភាពផ្លែស្វាយបានដល់ប្រហែលជិតមួយខែ។ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខាជាមួយប្រទេសជាដៃគូ ក៏កំពុងជួយ ក្រុមហ៊ុនលោកឲ្យចូលទៅក្នុងទីផ្សារថ្មីៗជាច្រើនលើពិភពលោកបន្ថែមទៀតផងដែរ។ ក្នុងនោះ ទិន្ធផលផ្លែស្វាយ អាចប្រមូលផលបានពេញមួយឆ្នាំ ដោយមិនមានការប្រែប្រួលគុណភាពច្រើន បានជួយឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការបញ្ជាទិញពីកសិកដើម្បីនាំចេញ។
ប្រទេសវៀតណាមមានផ្ទៃដីប្រមាណ ៨ម៉ឺន៧ពាន់ហិកតា ដែលបានដាំដុះដំណាំស្វាយ។ ប្រទេសវៀតណាម ដែលជាអ្នកដាំស្វាយដ៏ធំមួយនៅតំបន់ដីសណ្តទន្លេមេគង្គ បានប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប និងកែច្នៃផ្លែស្វាយស្រស់សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
វៀតណាមគ្រោងនឹងអភិវឌ្ឍន៍ឲ្យមានការដាំដុះផ្លែឈើផ្សេងៗបន្ថែមទៀត នៅតំបន់មួយចំនួនទៀត នៅឆ្នាំ ២០២៥ ដោយផ្តោតលើវិធីសាស្រ្តកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃសម្រាប់កសិករឲ្យសបស្របតាមតម្លៃទីផ្សារ។ តំបន់នេះ ត្រូវបានរំពឹងថានឹងមានការដាំដុះផ្លែឈើក្នុងចំនួនជីត ១ពាន់ហិចតា និងជាការដាំដុះតាមស្តង់ដារការអនុវត្តកសិកម្មល្អរបស់វៀតណាម (VietGAP) និង ៥៣ ហិចតាតាមស្តង់ដារ GlobalGAP ដើម្បីអាចផលិតដាំដុះផ្លែឈើដែលមានគុណភាពខ្ពស់សម្រាប់នាំចេញ។
វៀតណាមក៏គ្រោងនឹងពង្រីកផ្ទៃដីសរុបនៃកសិកម្មផ្លែស្វាយនៅឆ្នាំ ២០៣០ និងបង្កើនការនាំចេញដល់ ៦៥០ លានដុល្លារអាមេរិក ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការពិភពលោកផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន