ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ទៅលើរុស្ស៊ី ជុំវិញវិបត្តិសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន កំពុងបង្កវិបត្តិធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី ក៏ដូចជាការរំខានដល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលោក រួមទាំងប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ីផងដែរ។
លោក ផាម មិញថុង អគ្គនាយកក្រុមហ៊ុននាំចេញទំនិញ Phuc Sinhរបស់វៀតណាមបានអះអាងថា រូបលោកបានចំណាយពេលច្រើនថ្ងៃហើយ ក្នុងការទាក់ទងទៅកាន់អតិថិជននៅក្នុងប្រទេសរុស្ស៊ី និងអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាការបញ្ជាទិញ និងការនាំចេញពន្យារពេល។ លោក ផាម មិញថុង បន្ថែមថា ក្នុងមួយឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនមានការនាំចេញផលិតផលកាហ្វេ ម្រេច និងផលិតផលផ្សេងៗទៀតទៅកាន់ទីផ្សាររុស្ស៊ីក្នុងតម្លៃប្រហែល ៣០លានដុល្លារ ប៉ុន្ដែ នៅពេលដែលរុស្ស៊ី ចាប់ផ្ដើមប្រកាសសង្គ្រាមវាយប្រហារទៅលើអ៊ុយក្រែនកាលពីខែមុន បានជំរុញឲ្យប្រទេសលោកខាងលិចទម្លាក់ទណ្ឌកម្មផ្ទួនៗទៅលើរុស្ស៊ី ហើយឥឡូវនេះ ការបញ្ជាទិញទំនិញពីក្រៅប្រទេសរបស់ក្រុមហ៊ុនលោកក៏ត្រូវបានផ្អាកផងដែរ។
បន្ទាប់ពីធនាគាររុស្ស៊ីមួយចំនួនត្រូវបានរារាំងពីប្រព័ន្ធទូទាត់សកល SWIFT ការបញ្ជាទិញទៅកាន់ប្រទេសរុស្ស៊ីក៏មានតម្លៃធ្លាក់ចុះពាក់កណ្ដាល ដោយសារតែប្រាក់រូប្លរុស្ស៊ីធ្លាក់ថ្លៃខ្លាំង និងការពន្យារពេលប្រតិបត្តិការទូទាត់ថ្លៃទំនិញ។
អ្នកជំនួញវៀតណាមដដែលនេះ បានបញ្ចាក់ទៀតថា ក្រុមហ៊ុនដែលជាដៃគូរបស់លោកនៅរុស្ស៊ី និងអឺរ៉ុបក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ដោយសារតែទណ្ឌកម្មត្រូវបានដាក់លើរុស្ស៊ី។ ក្រៅពីនេះ ក្រុមហ៊ុននាំចេញ ផ្លែឈើ និងបន្លែរបស់វៀតណាម ទៅកាន់រុស្ស៊ី ក៏ត្រូវបានផ្អាកការបញ្ជាទិញដែរ ដោយសារតែការដឹកជញ្ជូនជួបការលំបាក។ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ គឺមិនអាចទទួលបានទំនិញអ្វីទាំងអស់ ដោយសារតែមានការរឹតត្បិតជើងហោះហើរទៅកាន់រុស្ស៊ី ការបញ្ជាទិញត្រូវបានពន្យារពេល ហើយការទូទាត់គឺមិនអាចធ្វើទៅបានឡើយដោយសារតែធនាគាររុស្ស៊ី ត្រូវបានដកចេញពីប្រព័ន្ធទូទាត់សកល SWIFT។
ប្រទេសវៀតណាម កាលពីឆ្នាំ២០២១ បាននាំចេញទំនិញទៅកាន់រុស្ស៊ីក្នុងតម្លៃជាង៣ពាន់លានដុល្លារ ហើយការនាំចូលមកវិញមានជាង២ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីគយវៀតណាម។ វៀតណាមនាំចេញទំនិញភាគច្រើន ទៅរុស្ស៊ីរួមមាន កុំព្យូទ័រ គ្រឿងបង្គុំ ទូរស័ព្ទ វាយនភណ្ឌ កាហ្វេ និងផលិតផលគ្រឿងអេឡិចត្រូនិក។
ដោយឡែក បើមើលទំហំពាណិជ្ជកម្មរវាងវៀតណាម និងអ៊ុយក្រែនវិញ គឺមានក្នុងរង្វង់ក្រោម១ពាន់លានដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម ដែលគឺជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន៣៥ ដែលបានបោះឆ្នោតអនុប្បវាទ ចំពោះ សេចក្ដីសម្រេចរបស់សន្និបាតអង្គការសហប្រជាជាតិ ដែលបោះឆ្នោតទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ខណៈដែលប្រទេសចំនួន១៤១ប្រទេសបានបោះឆ្នោតគាំទ្រ និងមានប្រទេសចំនួនត្រឹមតែ ៥ប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំង៕