ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ក្រុមវិស្វករវៀតណាម ត្រូវតែចាប់ផ្តើមចូលរួមក្នុងការងារឌីហ្សាញបន្ទះឈីបទំនើប ជាពិសេសនៅក្នុងដំណាក់កាលវេចខ្ចប់ និងដំណាក់កាលធ្វើតេស្តបន្ទះឈីប ព្រមទាំងគ្រប់គ្រងមួយផ្នែកនៃបច្ចេកវិទ្យាវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបផងដែរ។ ប្រទេសវៀតណាម បានកំណត់គោលដៅក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែច្រវាក់តម្លៃ នៃឧស្សាហកម្មបន្ទះឈីបពិភពលោកតាមរយៈការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ ដែលបំពេញបានតាមតម្រូវការអភិវឌ្ឍន៍របស់ឧស្សាហកម្មបន្ទះឈីបទាំងគុណភាព និងបរិមាណ។ មជ្ឈមណ្ឌលជាតិនវានុវត្តន៍វៀតណាម (NIC) ជាអ្នកទទួលភារកិច្ចដឹកនាំការធ្វើផែនការប្រកបដោយមហិច្ឆតានេះ។
លោក វូ កុក ហ៊ុយ (Vu Quoc Huy)ប្រធានមជ្ឈមណ្ឌលជាតិ នវានុវត្តន៍វៀតណាម (NIC) បាននិយាយថា គោលបំណងសំខាន់នៃផែនការនេះ គឺដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មជំនាញឱ្យបានគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក និងអាចនាំចេញកម្លាំងពលកម្មទៅកាន់ទីផ្សារផ្សេងទៀតលើពិភពលោក។
ទាក់ទិននឹងវិស្វករបន្ទះឈីបដែលមាននៅប្រទេសវៀតណាម លោក វូ កុក ហ៊ុយ (Vu Quoc Huy) បាននិយាយថា ក្រុមហ៊ុនជាច្រើនដូចជា Viettel និង FPT Semiconductor ជាដើមមានវិស្វករប្រហែល២០០នាក់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចំនួន៣៦មកពីប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ចិនតៃប៉ិ ចិនដីគោក និងកូរ៉េខាងត្បូង បានបណ្តាក់ទុននៅក្នុងប្រទេសនេះដោយប្រើវិស្វករប្រមាណ៥ពាន់៦០០នាក់។
ក្នុងចំណោមនោះ ក្រុមហ៊ុន Intel បានវិនិយោគចំនួន១,៥ពាន់លានដុល្លារអាម៉េរិក នៅវៀតណាម ចាប់តាំងពីឆ្នាំ២០០៩ ដោយប្រើវិស្វករជិត៣ពាន់នាក់។ ដោយឡែកនៅខេត្តបាក់និញភាគខាងជើងរបស់វៀតណាម រោងចក្រក្រុមហ៊ុន Amkor បានវិនិយោគជាង១,៦ពាន់លានដុល្លារអាម៉េរិកក្នុង៣ដំណាក់កាល។
យោងតាមរបាយការណ៍ឆ្នាំ២០២៣ បង្ហាញថា ក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) មានធនធានគ្រប់គ្រាន់នៅក្នុងប្រទេសវៀតណាម ដើម្បីបណ្តុះបណ្តាលវិស្វករឱ្យបានប្រមាណ៥ម៉ឺននាក់សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីបនៅឆ្នាំ២០៣០។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗជាច្រើនកំពុងដំណើរការក្នុងប្រទេសវៀតណាម ដូចជាក្រុមហ៊ុន Intel ក្រុមហ៊ុន Amkor ក្រុមហ៊ុន Marvell ក្រុមហ៊ុន Qorvo ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Synopsys និងក្រុមហ៊ុន Cadence ជាដើម៕
ដោយ: តែម សុខុម