នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មទាំងបីប្រទេស កម្ពុជា វៀតណាម ឡាវ ក្នុងកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការសម្របសម្រួលចម្រុះតំបន់ត្រីកោណអភិវឌ្ឍន៍។
រដ្ឋមន្រ្តីពាណិជ្ជកម្ម កម្ពុជា និង វៀតណាម បានអះអាងពីជំហរថា នឹងបន្តកិច្ចប្រឹងប្រែងក្នុងការទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ ស្តីពីការយកពន្ធត្រួតគ្នា និងការលុបបំបាត់សារពើពន្ធទាក់ទងនឹងប្រាក់ចំណូល ខណៈឡាវកំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះនៅឡើយ។
ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម ត្រូវបានង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដោយរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងទិសដៅជំរុញកិច្ចអភិវឌ្ឍន៍តំបន់ត្រីកោណ និងសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយតំបន់នេះ ឲ្យក្លាយជាតំបន់ប្រមូលផ្តុំសេដ្ឋកិច្ចមួយដ៏មានសក្តានុពលនៅក្នុងមហាអនុតំបន់មេគង្គ ក៏ដូចជា តំបន់អាស៊ាន ផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ស្ថានភាពសេដ្ឋកិច្ចប្រទេសទាំងបីកាន់តែមានលក្ខណៈល្អប្រសើរ ដែលគិតមកដល់ពេលបច្ចុប្បន្ន ផលិតផលសរុបក្នុងស្រុករបស់ប្រទេសទាំងបី បានកើនឡើងដល់ ២៦០ពាន់លានដុល្លារ ហើយកម្រិតចំណូលក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះបានធ្វើឲ្យតំបន់ត្រីកោណអភិវឌ្ឍន៍បានប្រែមុខមាត់ថ្មី ពីតំបន់ដែលមានការអភិវឌ្ឍតិចតួចបំផុត ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។
ដើម្បីផ្តល់ភាពកាន់តែងាយស្រួល និងទាក់ទាញការវិនិយោគបន្ថែមទៀតនោះ កម្ពុជាក៏បានជំរុញកិច្ចសម្រួលពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ ដោយកម្ពុជាបានធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហៅកាត់ថា CO ទម្រង់ឌី D ដល់មន្ទីរពាណិជ្ជកម្មនៅតាមខេត្តជាប់ព្រំដែន មានខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និង ស្ទឹងត្រែង៕