តើ​កន្លែង​ណា​ខ្លះ​កំពុង​ខ្វះខាតទឹក?

តំបន់​នៅ​ខេត្ត​ចំនួន​៨ រួម​ទាំង​ពន្ធនាគារ កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់


តំបន់​មួយ​ចំនួន​នៅ​ខេត្ត​ចំនួន៨ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិ​ភាគ​ពាយ័ព្យ កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់ រួមទាំង​ពន្ធនាគារ​ចំនួន​ពីរ​ផង​ដែរ ហើយ​ការ​ខ្វះខាត​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បន្ត​រហូត​ដល់​ពាក់​កណ្តាល​ខែ​ឧសភា។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ។
រូបឯកសារ៖ កុមារដើរកាត់​បឹង​មួយ​ដែល​កំពុងរីងហួត​បែកដីក្រហែង។
ដោយ

លោក កែវ វី មន្ដ្រី​នាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ បាន​និយាយ​ថា អាជ្ញាធរ​បាន​ជីក​​ជា​​រណ្តៅ ជីក​អណ្តូង​និង​ដឹក​ទឹក​រួច​ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​បណ្តោះ​អាសន្ន​នៅ​តំបន់​ទាំង​នោះ។

លោក កែវ វី បាន​និយាយ​ដូច្នេះ​ថា ៖ «យើង​និយាយ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ យើង​មាន​នៅ​មូលដ្ឋាន​ខេត្ត​ចំនួន​៨ ភាគច្រើន​គឺ​នៅ​ភាគ​ពាយ័ព្យ។ បើ​តាម​ការព្យាករ​របស់​ក្រសួង​ជំនាញ ប្រហែល​ជា​ពាក់​កណ្តាល​ខែ​ឧសភា ទើប​មាន​ភ្លៀង​ធ្លាក់។»

លោក កែវ វី បាន​បន្ត​ថា ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​លើក​ដំបូង​នៅ​ឆ្នាំ​២០១៦ ដែល​ពេល​នោះ បាន​ប៉ះពាល់​ដល់​ខេត្ត​ក្រុង​ចំនួន​ជាង​២០ និង​ប៉ះពាល់​ដល់​ប្រជាជន​ជាង ៣៣​ម៉ឺន​គ្រួសារ។

សម្រាប់​ឆ្នាំ​នេះ លោក កែវ វី បាន​និយាយ​ថា លោក​មិន​ទាន់​មាន​តួលេខ​ដំណាំ​ខូចខាត​និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ឡើយ​ទេ។ លោក កែវ វី បាន​និយាថា​ ការ​ជីក​អណ្តូង ជីក​រណ្តៅ និង​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​រួមគ្នា​ដោយ​អាជ្ញាធរ​ក្រសួង​ធនធាន​ទឹក និង កង​ទ័ព។

សម្តេច​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្នើ​សុំ​ឱ្យ​កសិករ​កុំ​ធ្វើ​ស្រែ​ប្រាំង​ដោយសារ​បញ្ហា​ខ្វះ​ទឹក ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជីក​អណ្តូង​តាម​តំបន់​ដែល​ខ្វះទឹក ជាជាង​ដឹកទឹក​ដែល​មាន​ការ​ចំណាយ​ថវិកា​ច្រើន។

បើតាម​លោក​ កែវ វី តំបន់​ខ្វះទឹក​ទាំងនោះ មាន​ដូចជា ​ខេត្ត​បាត់ដំបង ដែល​ខ្វះ​ទឹក​នៅ​ស្រុក​ចំនួន​បី គឺ​ស្រុក​មោងឫស្សី ស្រុក​គាស់ក្រឡ និង​ស្រុក​រុក្ខគិរី។

អាជ្ញាធរ​ក្រសួង​ធនធាន​ទឹក បាន​បង្ហូរ​ទឹក​ពី​ខាង​ទំនប់​នៅ​ស្រុក​រតនមណ្ឌល មក​ផ្គត់ផ្គង់​ទឹក​នៅ​ស្រុក​មោង​ឫស្សី​និង​ស្រុក​គាស់ក្រឡ និង​មួយ​ផ្នែក​ទៀត មក​បំពេញ​ទឹក​ក្នុង​ស្ទឹង​មោង​ឫស្សី ដែល​រីង​គោក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់។ ហើយនៅក្នុងស្រុករុក្ខគីរី ដោយសារមិនមានប្រភពទឹក អាជ្ញាធរបានដឹកទឹកជូនប្រជាពលរដ្ឋនិងនៅកន្លែងខ្លះបានជីកអណ្តូង។

នៅក្នុងស្រុក​សង្កែ មាន​ការ​ជីក​ជា​រណ្តៅ​នៅ​តាម​ដង​ស្ទឹងសង្កែ ស្ទឹង​ចាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន។ ហើយ​ក៏​មាន​ការ​ដឹក​ជញ្ជូន​ទឹក​នៅ​ក្នុង​ស្រុក​បវេល ផងដែរ។

លោក កែវ វី បាន​និយាយ​ថា នៅ​ខេត្ត​កំពង់ធំ ដោយសារ​ស្ទឹង​ស្ទោង​រីង​ស្ងួត ដូច្នេះ​ខាង​ក្រសួង​ធនធាន​ទឹក​បាន​ជីក ១៥​រណ្តៅ ដែល​មាន​​ទំហំ​ធំៗ។ 

នៅខេត្ត​កោះកុង ខ្វះទឹក​នៅ​ស្រុក​មណ្ឌលសីមា ក្រុង​ខេមរភូមិន្ទ ហើយ​នៅ​ខេត្ត​ឧត្តរមានជ័យ មាន​ការ​ខ្វះទឹក​នៅ​ពន្ធនាគារ​ខេត្ត និង​សម្រាប់​ទណ្ឌិត។ នៅ​ឧត្តរមានជ័យ អាជ្ញាធរ​បាន​ជីក​ស្រះ​មួយ​ទំហំ​មួយ​ហិកតា ដើម្បី​ស្តុក​ទឹក។

លោក កែវ វី បាន​និយាយ​ដូច្នេះ​ថា ៖ «ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ខាង​ក្រសួង​បាន​ដឹកទឹក​ដើម្បី​ផ្គត់ផ្គង់​នៅ​ពន្ធនាគារ​គឺ​ក្នុង​មួយ​ថ្ងៃ១០​ម៉ែត្រគូប ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​របស់​បុគ្គលិក​ពន្ធនាគារ និង​ទណ្ឌិត។»

នៅក្នុង​ខេត្ត​ព្រះវិហារ ក៏​មាន​ការ​ខ្វះខាត​ទឹ ​នៅក្នុងពន្ធនាគារ​ខេត្ត​ដែរ ហើយ​អណ្តូង​មួយ​ក៏​បាន​ជីក​រួច​ហើយ​ដែរ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​ខណៈ​ដែល​នៅ​ខេត្ត​ព្រៃវែង មាន​ការ​ខ្វះទឹក​នៅ​ស្រុក​មេសាង ដែល​អាជ្ញាធរ​បាន​ជីក​អណ្តូង​ចំនួន​១៦ នៅ​ក្នុង​ឃុំ​ចំនួន៨។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ បាន​និយាយ​ថា ជាគោលការណ៍​គឺ​មាន​បទបញ្ជា​រួច​ហើយ ដើម្បី​ដឹកទឹក​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត ក៏​ប៉ុន្តែ ជាអាទិភាព ត្រូវ​ដឹក​ផ្គត់ផ្គង់​ទាហាន​មុន​សិន។ 

លោក ឈុំ សុជាតិ  បាន​និយាយ​ដូច្នេះ​ថា៖ «ទាហាន​បាន​ដឹក​ទឹក​ចំនួន​ជាង ២០០​ឡាន​រួច​ហើយ ដើម្បី​ផ្គត់ផ្គង់​ទឹក​តាម​សមរភូមិ​មុខ តំបន់​ខ្ពស់ៗ​ដែល​ប្រឈម​ការ​ខ្វះទឹក​និង​នៅ​តាម​ភូមិភាគ។ ជាគោលការណ៍​ យើង​ដោះស្រាយ​កងទ័ព​នៅ​ជួរ​មុខ​សិន ដែល​មាន​ការ​ខ្វះ​ទឹក»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា លើកទឹកចិត្តវិនិយោគិនជប៉ុន ឲ្យចូលមកវិនិយោគ តាម​គោលនយោបាយ «ថៃបូក១» បន្ថែមទៀត

ព័ត៌មាន
ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសនៅតាមតំបន់ព្រំដែនថៃ គឺមានភាពអំណោយផល និងស័ក្ដិសមបំផុតសម្រាប់វិនិយោគិនជប៉ុន ចូលមកបណ្ដាក…

វៀតណាម​វិនិយោគ ១ពាន់ ៦០០លាន​ដុល្លារ​ នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ព័ត៌មាន
តម្លៃទុន​វិនិយោគ​វៀតណាម​នៅ​ក្នុង​ខេត្ត​កម្ពុជា​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម បាន​កើន​ឡើង​ដល់​ជាង ១ពាន់ ៦០០​លាន​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ