សារព័ត៌មាន The Vietnam News បានរាយការណ៍ថា វៀតណាមបានបោះទុនជិត៤ពាន់លានដុល្លារអាម៉េរិក អភិវឌ្ឍន៍គម្រោងចំនួន១១០គម្រោងនៅតំបន់ព្រំដែនរួមគ្នា ដែលមានឈ្មោះថា តំបន់ត្រីកោណអភិវឌ្ឈន៍របស់ប្រទេសទាំង៣ គឺវៀតណាម កម្ពុជា និងឡាវ។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងចំនួន៦៥គម្រោង ដែលមានតម្លៃជាង២ពាន់លានដុល្លារ ស្ថិតក្នុងប្រទេសឡាវ និង៤៥គម្រោងដែលមានតម្លៃជិត១ពាន់៧រយលានដុល្លារ ស្ថិតនៅកម្ពុជា។ សម្រាប់វៀតណាមវិញ គឺបានទាក់ទាញវិនិយោគទុនបរទេសមកពី៣០ប្រទេស ជាមួយគម្រោង៥២១គម្រោង ដែលមានទឹកប្រាក់ជាង៦ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងគម្រោងទាំងនេះ ក្រសួងផែនការ និងវិនិយោគវៀតណាម បានបង្ហាញថា គម្រោងទាំងនេះគឺមាននៅខេត្តចំនួន១៣ ដោយក្នុងនោះនៅខាងភាគីវៀតណាម គឺមាន៥ខេត្ត នៅឡាវមាន៤ខេត្ត និងនៅកម្ពុជា មាន៤ខេត្ត រួមមាន ស្ទឹងត្រែង រតនគិរីគីរី មណ្ឌលគិរី និងក្រចេះ។ គម្រោងវិនិយោគនៅក្នុងខេត្តទាំង១៣នេះ គឺស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម ថាមពលស្អាត ការជីកយករ៉ែ និងទេសចរណ៍។
ជុំវិញគម្រោងទាំងនេះ លោក វូ វាន់ ជុង (Vũ Văn Chung)នាយកទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគវៀតណាមបាននិយាយថា ប្រទេសទាំងបីចាំបាច់ត្រូវបង្កើតការលើកទឹកចិត្តជាក់លាក់ សម្រាប់តំបន់សេដ្ឋកិច្ចសង្គម ដែលជួបការលំបាក ហើយខេត្តដែលស្ថិតនៅក្នុងតំបន់ត្រីកោណគួរតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ៕