សាជីវកម្មដែនសមុទ្រវៀតណាម

សាជីវកម្មដែនសមុទ្រវៀតណាម បានចាប់ផ្តើមដឹកជញ្ជូនកុងតឺន័រតាមផ្លូវទឹកទៅកាន់ម៉ាឡេស៊ី និងឥណ្ឌាហើយ ជាលើកដំបូង


ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររបស់វៀតណាម បានចាប់ផ្តើមបើកដំណើរការសេវាកម្មដឹកទំនិញពីវៀតណាម ទៅម៉ាឡេស៊ី និងឥណ្ឌាហើយ ដោយការដឹកជញ្ជូនទំនិញពីកំពង់ផែ វៀតណាមទៅកាន់ កំពង់ផែម៉ាឡេស៊ី និងឥណ្ឌា ត្រូវចំណាយពេល ១០ ថ្ងៃ គឺលឿនជាងការដឹករបស់ក្រុមហ៊ុនដឹកជញ្ជូនបរទេសនានាទៅទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រូបតំណាងអំពីការនាំចេញរបស់វៀតណាម
ដោយ

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​កប៉ាល់​ដឹក​កុងតឺន័រ​របស់​វៀតណាម ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ម៉ា​ឡា​កា ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា ដែល​ប្រទេស​ទាំង​ពីរ​នេះ គឺជា​ទីផ្សារ​នាំ​ចូល និង​នាំ​ចេញ​ដ៏​ធំ​សម្រាប់​ទំនិញ និង​វត្ថុធាតុដើម​ក្នុង​ប្រទេស​វៀតណាម​។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន សាជីវកម្ម​ដែនសមុទ្រ​វៀតណាម បាន​និយាយ​ថា ខ្លួន​មាន​គម្រោង​ពង្រីក​កប៉ាល់​ផ្ទុក​កុងតឺន័រ និង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ទូ​ទាំង​ពិភពលោក​បន្ថែម​ទៀត​ផង​ដែរ​។

សូម​រំឭក​ថា ចំ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ អ្នក​នាំ​ចូល និង​នាំ​ចេញ​របស់​វៀតណាម​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង ដោយ​តម្លៃ​ដឹក​ទំនិញ​មានការ​កើនឡើង​ខ្ពស់ ពី​អ្នក​ដឹក​ជញ្ជូន​បរទេស ព្រមទាំង​ពិបាក​ក្នុង​ការ​កក់​សេវាកម្ម​របស់​ពួក​គេ​ថែម​ទៀត​ផង​។ ជាក់ស្ដែង តម្លៃ​ដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង​បាន​កើនឡើង​ពី ៤ ទៅ ៨ ដង ដែល​ស្មើ​ប្រហែល​នឹង ២​ម៉ឺន​ដុល្លារ សម្រាប់​កុងតឺន័រ​ទំហំ ៤០ ហ្វី​ត​។

តែ​យ៉ាងណាមិញ ក្រោយ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​ប្រទេស​វៀតណាម​មាន​ភាព​ធូរស្បើយ​ឡើង​វិញ ក្រុមហ៊ុន​ដឹក​ជញ្ជូន​វៀតណាម​ជា​ច្រើន ក៏​បាន​សម្លឹង​មើលឃើញ​ប្រាក់​ចំណេញ​ដែល​កើនឡើង​នៅ​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ​នេះ ដែល​ជា​លទ្ធផល​នៃ​ការ​ងើបឡើង​វិញ​នៃ​ចរន្ត​សេដ្ឋកិច្ច ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​។

នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ សាជីវកម្ម​ដែនសមុទ្រ​វៀតណាម បាន​រាយការណ៍ ពី​ប្រាក់​ចំណូល​ចំនួន ១៨០ លាន​ដុល្លារ កើនឡើង ៧១ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ប្រាក់​ចំណេញ​វិញ​មាន ៣៣ លាន​ដុល្លារ ធៀប​នឹង​ការ​ខាតបង់​ជាង ១​លាន ៣​សែន​ដុល្លារ ក្នុង​ត្រីមាស​ទី ៣ កាលពី​ឆ្នាំ​មុន​។

សូម​ជម្រាប​ថា យោង​តាម​រដ្ឋបាល​ដែនសមុទ្រ​វៀតណាម កំពង់​ផែ​របស់​ប្រទេស​នេះ មាន​ចលនា​ទំនិញ​ជាង ៥៣៥ លាន​តោន​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដែល​កើនឡើង ៣ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​៕

 អត្ថបទ៖ ស៊ើង និមល់




អត្ថបទបន្ទាប់


វៀតណាម នាំមុខថៃ និងម៉ាឡេស៊ី ជាប្រទេសមានការទិញលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិកច្រើនជាងគេ

នៅក្នុងត្រីមាសទី៣នៅឆ្នាំ២០២១ ប្រតិបត្តិការនៅលើបណ្ដាញគេហទំព័រទិញ-លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក E-commerce នៅប្រទេសវៀតណាម គឺមានលើសប្រទេ…

អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័តណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ»ទេ

អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ amplifier) ដើម្បីដោះស្រាយបញ្ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ