
សារព័ត៌មាននីកេថ្មីៗនេះបានបង្ហាញស្ថិតិផ្លូវការមួយដោយបានប្រៀបធៀបកំណើននាំចេញក្នុងចំណោមប្រទេសអាស៊ានសំខាន់ៗចំនួនប្រាំរួមមានវៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីនសម្រាប់ឆ្នាំ២០២៤ ដោយមិនបានរាប់បញ្ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មសិង្ហបុរីនោះទេ ដោយសារតែពាណិជ្ជកម្មឆ្លងកាត់ប្រទេសនេះមានទំហំធំពេក។
ស្ថិតិនេះបានបង្ហាញថា ប្រទេសវៀតណាមបាននាំមុខគេក្នុងចំណោមប្រទេសទាំង៥នេះដោយបានវ៉ាដាច់ប្រទេសម៉ាឡេស៊ី និងថៃ។ ការនាំចេញរបស់វៀតណាមឈានដល់កំណត់ត្រាជាមួយទំហំរហូតដល់៤០៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយកើនឡើងជិត១៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ស្ថិតិនេះក៏បានបង្ហាញដែរថា កំណើននាំចេញរបស់ម៉ាឡេស៊ីបានកើនឡើង៥,៦% ថៃមានចំនួន៥,៤% និងឥណ្ឌូនេស៊ីមានចំនួន២,៣% ខណៈដែលហ្វីលីពីមានចំនួនតិចជាងគេ។ កំណើននាំចេញរបស់បណ្តាប្រទេសទាំងនេះត្រូវបានគាំទ្រដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចអាម៉េរិករឹង និងការផ្លាស់ប្ដូរទីតាំងរបស់អ្នកផ្គត់ផ្គង់ពីប្រទេសចិនដោយសារការប្រជែងគ្នារវាងសហរដ្ឋអាម៉េរិក និងចិន។
ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាម៉េរិកក្នុងឆ្នាំ២០២៤ បានកើនឡើងជាង២៣% ដោយឡើងដល់១២០ពាន់លានដុល្លារ ដែលជាការកើនឡើងដ៏ធំបំផុតនៅក្នុងតំបន់ ហើយការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ទីផ្សារនេះបានកើនឡើង២៣,២% ឥណ្ឌូនេស៊ីបានកើនឡើង១៩,២% និងថៃកើនឡើង១៣,៧%។
ប្រទេសវៀតណាមជាអ្នកទទួលផលធំពីអ្នកផ្គត់ផ្គង់ដែលផ្លាស់ចេញពីប្រទេសចិន។ ប្រទេសនេះមានក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ចំនួន៣៥ក្នុងឆ្នាំ២០២៤ ដោយកើនឡើងពីចំនួន២៧ក្នុងឆ្នាំ២០២៣ និងច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសថៃស្ថិតក្នុងបញ្ជីបន្ទាប់ដោយមានក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ចំនួន២៤៕
អត្ថបទ៖ សុខ មង្គល