ចង្កោម​សហគ្រាសធុនតូច និងមធ្យម

ឧកញ៉ា សៀ ឫទ្ធី៖ ខ្ញុំវិនិយោគ​លើតំបន់​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យម ព្រោះ​មិនចង់​ឃើញលំហូរ​សាច់ប្រាក់​ទៅក្រៅ​ប្រទេស


លោកឧញ៉ា សៀ ឫទ្ធី ដែលត្រូវបានមហាជនទូទៅ​ស្គាល់ថា ជាសេដ្ឋីអចលនទ្រព្យដែលបានវិនិយោគលើអគារខ្ពស់នៅកម្ពុជានោះ បច្ចុប្បន្ន កំពុងវិនិយោគលើអាជីវកម្មថ្មីមួយទៀត គឺការបង្កើតនូវតំបន់ចង្កោមសហគ្រាសធុនតូច និងមធ្យម។ បើតាម ការបញ្ជាក់ ពីលោកឧកញ៉ា សៀ ឫទ្ធី ការបង្កើតនូវអាជីវកម្មគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យមនេះ គឺដោយសារតែលោក មិនចង់ឃើញលំហូរសាច់ប្រាក់ នៅក្នុងស្រុក ត្រូវហូរចេញទៅក្រៅប្រទេសតាមរយៈការនាំចូលទំនិញជាច្រើន។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន WorldBridge Group លោក​ឧកញ៉ា សៀ ឫទ្ធី បានប្រាប់​ក្រុមការងារ​របស់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមីស ថា សាធារណជន​ភាគច្រើន​ស្គាល់​លោកច្បាស់​ថា ជាអ្នក​អភិវឌ្ឍន៍​អគារ​​ខ្ពស់ និងលំនៅ​ដ្ឋាន​តម្លៃ​សមរម្យ។ តែពេល​នេះ ក្រុមហ៊ុន WorldBridge Group មាន​គោលដៅ​ច្បាស់​មួយទៀត គឺការ​អភិវឌ្ឍ​មុខជំនួញគាំទ្រ ដល់វិស័យផលិតកែច្នៃនៅកម្ពុជា តាមរយៈ​ការបង្កើត​ឡើង​នូវតំបន់​ចង្កោម​សហគ្រាសធុនតូច និងមធ្យម (SME Cluster)។

លោកឧកញ៉ា​ សៀ ឫទ្ធី បានបញ្ជាក់ថា វិស័យ​​សហគ្រាស​ធនតូច និងមធ្យ​ម​ គឺជាវិស័យ​សំខាន់​មួយសម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ដោយ​លោក​ឧកញ៉ា បានដាក់ផែន​ការច្បាស់​លាស់​រួចរាល់​ហើយសម្រាប់​បុគ្គលិក​អនុវត្ត​ឲ្យបាន ដើម្បីសម្រេចគោលដៅ​ជួយដល់​វិស័យ​ SME នេះ។ លោក​ឧកញ៉ា បានបន្ថែមថា លោក​មិនចង់​ឲ្យ​មានលំហូរ​សាច់ប្រាក់​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ជិតខាង និងតំបន់ ក្នុងការ​ដែលយើង​នាំចេញ​តែមួយ ប៉ុន្តែ​បែរ​ជានាំចូល​មកវិញ​ដល់ទៅ​ដប់​​នោះទេ។

របាយការណ៍​ពីធនាគារ​ជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ការនាំចេញ​​របស់​កម្ពុជា សម្រេច​បានជាង ១៣.៥០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ ២១% ធៀបនឹង​ឆ្នាំ​២០១៧ ខណៈការនាំ​ចូល​វិញ គឺមាន​ប្រមាណ​ជាង ១៨.៧០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​​ជាង ២១%។ តាម​តួលេខនេះ សបញ្ជាក់​​ឲ្យ​ឃើញថា ឱនភាព​ពាណិជ្ជកម្ម​ ឬការនាំចូល​របស់​កម្ពុជា​មានលើស​​ការ​នាំចេញ រហូតដល់ជាង ៥.២០០ លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ឆ្នាំ​២០១៧ប្រមាណ ១ពាន់​លានដុល្លារអាមេរិក។

អ្នកជំនួញ​ដែលកំពុង​មានឈ្មោះបោះសំឡេង​ទាំងក្នុង និងក្រៅប្រទេសរូបនេះ បានឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឲ្យ​សាច់ប្រាក់​មិនមាន​លំហូរ​ទៅក្រៅ​ប្រទេស​ច្រើន មានន័យថា ឲ្យវាមនចរន្ដសេដ្ឋកិច្ច​​វិលជុំ​​នៅ​​ក្នុងស្រុក នោះយើង​ត្រូវបង្កើត​ឲ្យ​មាន​សង្វាក់​ផលិតកម្ម ដោយប្រើប្រាស់​វត្ថុធាតុដើម​ដែលមាន​នៅក្នុង​ស្រុកស្រាប់ ប្រើកម្លាំង​ពលកម្ម និងធនធាន​នៅក្នុង​ស្រុក ឲ្យ​អស់​លទ្ធភាព។ យ៉ាងណាមិញ ទិស​របស់​ហ៊ុន WorldBridge Group គឺចង់​ឲ្យ​វិស័យ SMEនេះ មាន​ដំណើរការ​កាន់តែ​សកម្ម​បន្ថែម​ទៀត។

ផែនការដែល WorldBridge Group បានដាក់​ចេញ​នោះគឺ ការបង្កើត​តំបន់​សហគ្រាស​ធនតូច និង      មធ្យ​ម ដោយតំបន់​នេះ នឹងស្វាគមន៍​ដល់អ្នក ដែលមាន​សង្វាក់​ផលិតកម្ម​តូច និងមធ្យម ដោយសហគ្រាសទាំងអស់​នោះ នឹងទទួល​បានការ​ជួយ​ជ្រោមជ្រែង​ទាំងហេដ្ឋា​រចនា​សម្ព័ន្ធ និងហិរញ្ញប្បទាន ។

បើតាម​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group រូបនេះ មិនត្រឹម​តែវិស័យ​អចលនទ្រព្យនោះទេ ដែលលោក​ចង់ឲ្យ​មាន​ការរីកចម្រើន តំបន់​សហគ្រាស​ធុន​តូចនិង មធ្យ​ម ឬ Industry Park ក៏ជាគោលដៅ​សំខាន់​របស់ WorldBridge ដែរ​ដើម្បីរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជាតិកាន់តែ​ច្រើន​ថែម​ទៀត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលប្រជាពលរដ្ឋវៀតណាម បច្ចុប្បន្ន មានប្រហែលចំណូលពលរដ្ឋម៉ាឡេស៊ីកាលពី ២០ឆ្នាំមុន

ព័ត៌មាន
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ឬហៅថា GDP Per capita របស់វៀតណាម គិតត្រឹម ៣ទសវត្សរ៍ ចុងក្រោយនេះ មានកំណើនខ្ពស់ជាង ២៧ ដង ពោលគិតត្…

បន្ទាប់ពីបើក​​កាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅ​លើ​កោះភូកុក (កោះត្រល់) វៀតណាម​នឹង​បើក​ការហោះហើរ​ត្រង់​ ភូកុក-ហុងកុង ឆាប់ៗនេះ!

ព័ត៌មាន
ទើបតែបើក​សម្ពោធ​រមណីដ្ឋាន​និងកាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​កោះ ភូកុក (ខ្មែរ​ស្គាល់ថា ជា កោះត្រល់) ប្រទេស​វៀតណាម​គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ