រដ្ឋសភាវៀតណាមបានអនុម័តវិសោធនកម្មច្បាប់ស្តីពីការការពារបរិស្ថាន នាសប្ដាហ៍នេះ ដើម្បីឱ្យគ្រួសារទាំងអស់ត្រូវញែកសំរាមជា ៣ ប្រភេទ គឺសំរាមដែលអាចកែច្នៃឡើងវិញបាន សំរាមជាអាហារ និង សំរាមផ្សេងៗទៀត ។
សំរាមត្រូវតែទុកដាក់នៅក្នុងថង់បរិស្ថានមេត្រី (eco-friendly bags) ស្របតាមការចាត់ថ្នាក់របស់សំរាម ហើយអ្នកប្រមូលសំរាមមានសិទ្ធិក្នុងការបដិសេធក្នុងការប្រមូលសំរាម ប្រសិនបើមានក្រុមគ្រួសារ ឬអាជីវកម្មណា មិនព្រមធ្វើតាមលក្ខខណ្ឌតម្រូវនេះ ។
ច្បាប់ថ្មី ចែងថា ថ្លៃសេវាប្រមូល ដឹកជញ្ជូន និងប្រព្រឹត្តកម្មសំរាម នឹងត្រូវគណនាដោយផ្អែកលើបរិមាណសំរាមដែលគ្រួសារប្រជាជនបោះចោល មានន័យថា បើគេបោះចោលកាន់តែច្រើន ថ្លៃសេវាប្រមូលសំរាមក៏នឹងកាន់តែខ្ពស់ ។
ទោះបីច្បាប់ដែលបានធ្វើវិសោធនកម្ម ត្រូវបានអនុម័ត និងចូលជាធរមានពីខែមករា ឆ្នាំ២០២២នេះទៅក្ដី បទប្បញ្ញត្តិនិងការណែនាំជាក់លាក់ស្ដីពីការញែកសំរាម និងការកំណត់ថ្លៃសេវាប្រមូលសំរាម នៅមិនទាន់បានកំណត់ដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៅឡើយទេ ។
ប៉ុន្តែ រដ្ឋសភាបានសម្រេចថា បទប្បញ្ញត្តិនិងការណែនាំទាំងនេះ ត្រូវតែដាក់ចេញនិងអនុម័តដោយរដ្ឋាភិបាល មិនឲ្យលើសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ឡើយ ដើម្បីឲ្យចូលជាធរមាននិងអនុវត្តពីដើមឆ្នាំ២០២៥ តទៅ ៕