រដ្ឋាភិបាលវៀតណាម បានបង្ហាញពីសញ្ញាភ្លើងខៀវក្នុងការកាត់បន្ថយថ្លៃចុះបញ្ជីរថយន្ត នៅត្រឹមពាក់កណ្តាលនៃតម្លៃដើម ពោលគឺ តម្លៃចុះបញ្ជីរថយន្តពីមុន គិតចាប់ពី ១០ ទៅ ១២% នៃតម្លៃរថយន្តសរុប អាចនឹងកាត់នៅត្រឹម ៥ ទៅ ៦% នៃតម្លៃរថយន្តសរុប។
បើតាមការវិភាគ បានគូសបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ នឹងជួយជម្រុញដល់ការលក់រថយន្តឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះ អស់រយៈពេល ៤ខែមកហើយ ដោយសារតែមេរោគកូវីដ១៩ ហើយលើសពីនេះទៅទៀត ក្រុមហ៊ុននាំចូលរថយន្ត ក៏អាចនឹងបញ្ចុះតម្លៃរថយន្តនាំចូល ដើម្បីប្រកួតប្រជែងនឹង រថយន្តក្នុងស្រុកផងដែរ។
បើតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានបញ្ជាក់ឲ្យដឹងថា ការលក់រថយន្ត ក្នុងអំឡុងពេល ៤ខែដើមឆ្នាំ ២០២០នេះ គឺសម្រេចបានជាង ៦,៤ម៉ឺនគ្រឿង ដែលធ្លាក់ចុះ ៣៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបដែរថា កាលពីដើមខែមេសា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានស្នើឲ្យមាន ការបញ្ចុះតម្លៃពាក់កណ្តាល លើការចុះបញ្ជី រថយន្តផលិតក្នុងស្រុក និងពន្យារពេលបង់ពន្ធ សម្រាប់រោងចក្រផលិត និងតម្លើងរថយន្ត រហូតដល់ឆ្នាំ ២០២១ ដើម្បីជួយសម្រាលបន្ទុកដល់ អ្នកសរកស៊ីនៅក្នុងវិស័យនេះ៕