តាមរយៈសេចក្ដីសម្រេចមួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ រដ្ឋាភិបាលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូនវៀតណាម ដោះស្រាយបញ្ហាប្រឈមនានាទាក់ទិននឹងការប្រើប្រាស់ និងការផ្គត់ផ្គង់សម្ភារសំណង់ ហើយជួយគាំទ្រដល់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿន ខណៈក្រសួងនេះ នឹងត្រូវចេញតម្លៃ លក្ខខណ្ឌវិនិច្ឆ័យ និងស្តង់ដារទាក់ទងនឹងការប្រើប្រាស់ខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវ។ ទន្ទឹមនឹងនេះក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ក៏ត្រូវបានស្នើឱ្យដោះស្រាយការលំបាកនានាដែលរដ្ឋបាលថ្នាក់មូលដ្ឋានជួបប្រទះនៅក្នុងការអនុម័តឱ្យប្រើប្រាស់សម្ភារសំណង់ផងដែរ។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន TNT Group បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីនាំចូលខ្សាច់ពីកម្ពុជា ដើម្បីយកទៅក្រាលទ្រនាប់បាតផ្លូវល្បឿនលឿននានា នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ ក្រុមហ៊ុននេះអះអាងថា សំណើនេះត្រូវបានភាគីកម្ពុជា អនុម័តឱ្យបូមខ្សាច់ពីផ្នែកមួយនៃទន្លេមេគង្គ ដែលមានខ្សាច់រាប់រយលានម៉ែត្រគូប។ ដូច្នេះហើយ ក្រុមហ៊ុននេះធានាថា ខ្លួននឹងអាចបំពេញតាមតម្រូវការសម្រាប់គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេមេគង្គ មិនថាទាំងបរិមាណ គុណភាព និងតម្លៃ។
ក្រុមហ៊ុននេះបានស្នើឱ្យរដ្ឋាភិបាលវៀតណាម ចេញសេចក្ដីណែនាំឱ្យអង្គភាពនានាប្រើប្រាស់ខ្សាច់នាំចូលសម្រាប់គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តមេគង្គ ជាការសាកល្បង។ ក្រុមហ៊ុននេះ ក៏បានស្នើឱ្យមានយន្តការកាន់តែប្រសើរឡើងទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទានផងដែរ ដើម្បីឱ្យក្រុមហ៊ុននានាអាចនាំចូលខ្សាច់បានក្នុងបរិមាណច្រើន។សំណើនេះត្រូវបានធ្វើឡើង ខណៈដែលគម្រោងផ្លូវល្បឿនលឿនមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គ ខ្វះខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវ។
តំណាងនាយកដ្ឋានសម្ភារសំណង់បានគូសបញ្ជាក់ថា ការនាំចូលខ្សាច់ពីកម្ពុជា គឺសមស្រប ដរាបណាវាបំពេញបានតាមរាល់លក្ខខណ្ឌច្បាប់ពាក់ព័ន្ធនឹងការនាំចូល។ ដោយសារ ខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវមានតម្រូវការខ្ពស់នៅតំបន់ដីសណ្តទន្លេមេគង្គ រួមជាមួយការផ្គត់ផ្គង់មានកម្រិត វាអាចនឹងធ្វើឱ្យគម្រោងផ្លូវល្បឿនលឿនមួយចំនួននៅក្នុងប្រទេសវៀតណាម ត្រូវពន្យារពេលដោយសារខ្វះខ្សាច់៕