ប្រទេសវៀតណាម

វៀតណាមរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក


ធនាគារកណ្ដាលវៀតណាម កំពុងប្រមូលមតិយោបល់នានា ដើម្បីរៀបចំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគ្រឹះស្ថានឥណទានរបស់ខ្លួន ដើម្បីធានានូវសុវត្ថិភាព និងភាពគត់មត់នូវសេវាកម្មទូទាត់តាមប្រព័ន្ធធនាគារនៅក្នុងប្រទេសឲ្យកាន់តែប្រសើរឡើង។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Vietnam news។
វៀតណាមរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក រូបភាព Vietnam news

ច្បាប់ដែលមានវិសាលភាពគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធទូទាត់នៅក្នុងប្រទេសនេះគឺត្រូវបានអនុម័តនិងដាក់ឲ្យប្រើប្រាស់តាំងតែពី ឆ្នាំ២០១០ មក ដូច្នេះហើយទើបធនាគារកណ្ដាលវៀតណាម (SBV) ត្រូវរៀបចំពង្រាងវិសោធនកម្មច្បាប់ដើម្បីឲ្យសមស្របនឹងប្រតិបត្តិការជាក់ស្តែងនៃស្ថាប័នឥណទាន និងការអនុវត្តការគ្រប់គ្រងរបស់រដ្ឋ ។

ប្រភពដដែលបានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគ្រឹះស្ថានឥណទានគឺចាំបាច់ដើម្បីធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារ និងតម្លាភាពទីផ្សារ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាដើម្បីបំពេញក្របខណ្ឌច្បាប់សម្រាប់ស្ថាប័នឥណទាន ធានាការគ្រប់គ្រងប្រតិបត្តិការ និង ការពារហានិភ័យ ។

ប្រភពដដែលបានអះអាងថា ប្រតិបត្តិការមួយចំនួនរបស់ស្ថាប័នឥណទាន ដូចជាសកម្មភាពរតនាគារ និងការចាត់តាំងភ្នាក់ងារទូទាត់ មិនត្រូវបានគ្រប់គ្រងនៅក្នុងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន ដែលបង្កការលំបាកដល់ស្ថាប័នឥណទានក្នុងការអនុវត្តការងារ។ លើសពីនេះដែរ បទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រតិបត្តិការមួយចំនួនរបស់ស្ថាប័នឥណទាន ដូចជាការចេញលិខិតឥណទាន ដែលហៅថា Letter of Credit និងការទទួលប្រាក់បញ្ញើពីស្ថាប័នឥណទាននានា ក៏ចាំបាច់ត្រូវកែលម្អផងដែរ ដើម្បីឲ្យស្របទៅនឹងការពិត និងការអនុវត្តជាអន្តរជាតិ។

ប្រភពដដែលបានអះអាងថា បញ្ហាដែលកំពុងកើនឡើងថ្មីៗមួយចំនួន ដូចជាការជួញដូរមូលបត្រដែលមិនមែនជាភាគហ៊ុន និងការផ្ដល់ព័ត៌មានអំពីសាខាធនាគារបរទេសដល់ធនាគារមេ ក៏នៅមិនទាន់ត្រូវបានគ្រប់គ្រងនៅក្នុងច្បាប់នៅឡើយដែរ។

ដើម្បីពង្រឹងការងារគ្រប់គ្រងស្ថាប័នធនាគារ និងកម្មវិធីឥណទាននៅក្នុងប្រទេស នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៣ នេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តមួយ ដើម្បីបង្កើតគណកម្មការប្រតិបត្តិមួយសម្រាប់ការរៀបចំរចនាសម្ព័ន្ធស្ថាប័នឥណទានឡើងវិញ ។

តាមសេចក្តីសម្រេចចិត្តដែលបានប្រកាស គណកម្មការប្រតិបត្តិនេះ គឺមានលោក Pham Minh Chinh ផ្ទាល់ជាប្រធាន លោក Le Minh Khai ឧបនាយករដ្ឋមន្រ្តីមួយរូប និង លោក Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាម ជាអនុប្រធាន។

គិតដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២៣កន្លងទៅនេះវិស័យឥណទាននៅក្នុងប្រទេសវៀតណាម គឺទទួលបានកំណើនទាបបំផុត គឺត្រឹមតែ ០,៨% ពោលគឺស្មើនឹងត្រឹមតែមួយភាគបីនៃអត្រាកំណើនដែលទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក នៅថ្ងៃទី១៤មីនា ធនាគារកណ្ដាលរបស់វៀតណាមបានបញ្ជាក់ថា ខ្លួនក៏កំពុងកាត់បន្ថយអត្រាការប្រាក់គោលមួយចំនួន ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងប្រព័ន្ធធនាគារ និងគាំទ្រកំណើនសេដ្ឋកិច្ចផងដែរ ដែលវាជាការផ្លាស់ប្ដូរដ៏គួឲ្យភ្ញាក់ផ្អើលមួយ ខុសពីប្រទេសជាដៃគូផ្សេងទៀតនៅក្នុងតំបន់ ចំពេលដែលពិភពលោកកំពុងមានភាពចលាចលកើតឡើងនៅក្នុងទីផ្សារហិញ្ញវត្ថុក្រោយមានការដួលរលំក្ស័យធនាគារខ្នាតយក្សរបស់អាមេរិក Silicon Valley ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


អាមេរិកចោទថាយន្តហោះរបស់រុស្ស៊ីបានធ្វើឱ្យយន្តហោះដ្រូនរបស់ខ្លួនធ្លាក់នៅក្នុងសមុទ្រខ្មៅ ប៉ុន្ដែទីក្រុងម៉ូស្គូបដិសេធ

យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ មីនាថា យន្តហោះចម្បាំងរុស្ស៊ីបានសាចប្រេងសាំងមកលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងហោះនៅ…

ការងើបឡើងវិញនៃការធ្វើដំណើររបស់ប្រទេសចិន នឹងជំរុញឲ្យមានលំហូរមូលធនចេញកាន់តែច្រើន

លំហូរមូលធនចេញពីប្រទេសចិននៅក្រោមរូបភាពនៃវិស័យទេសចរណ៍នោះ មើលទៅទំនងនឹងកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការដាក់កំហិតតាមព្រំដែនត្រូវបានលុបចោល។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ