កិច្ចព្រមព្រៀង RCEP និង CCFTA

ក្រសួងពាណិជ្ជកម្មត្រៀមជំរុញការផ្សព្វផ្សាយបន្ថែម ដើម្បីជំរុញការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីផែនការក្នុងការផ្សព្វផ្សាយបន្ថែមតាមរយៈការរៀបចំធ្វើសិក្ខាសាលាស្ដីអំពីអត្ថប្រយោជន៍ដែលអ្នកនាំចេញនឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP) ដើម្បីជំរុញឲ្យក្រុមហ៊ុននាំចេញបានយល់កាន់តែច្បាស់ពីសារៈសំខាន់ និងបែបបទក្នុងការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ។
ការនាំចេញទំនិញរបស់កម្ពុជា

មកទល់ពេលនេះ មានរយៈពេលជិត​២ខែហើយ ដែលកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានចូលជាធរមាន ក៏ប៉ុន្ដែ​នៅមិនទាន់​មាន​ក្រុមហ៊ុន​ស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងទាំងអស់នេះនៅឡើយទេ។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រសួងនឹងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដល់បណ្តាក្រុមហ៊ុនផលិត និងនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្រោយពេលស្ថានភាពកូវីដ១៩ធូរស្រាល។ គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីក្រុមហ៊ុននាំចេញយល់ដឹងពីអត្ថប្រយោជន៍ និងនីតិវិធីស្នើសុំផ្សេងៗ សម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរ ដែលបានចូលជាធរមានអស់រយៈពេលជិតពីរខែកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះអះអាងថា កិច្ចព្រមព្រៀងទាំងពីរខាងលើមានលក្ខណៈល្អប្រសើរជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាអាស៊ាន និងអាស៊ានបូក ដែលកម្ពុជាធ្លាប់បានអនុវត្តក្នុងការនាំចេញកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តមលើកទឹកចិត្ត និងស្នើឲ្យក្រុមហ៊ុននាំចេញទាំងអស់មកស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះឲ្យបានគ្រប់ៗគ្នា។

ពាក់ព័ន្ធការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញក្នុងការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរខាងលើ ឯកឧត្តម ស៊ាង ថៃ បានអះអាងថា ការស្នើសុំមិនមានភាពស្មុគស្មាញអ្វីនោះទេ ពោលគឺ នីតិវិធីស្នើសុំដូចទៅនឹងការស្នើសុំលិខិតបញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងដទៃដែរ។ ហើយក្រុមហ៊ុននាំចេញក៏អាចស្នើសុំលិខិតបញ្ជាក់ដើមកំណើតទំនិញ នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរខាងលើតាមប្រព័ន្ធអនឡាញផងដែរ។  

បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់បានចូលជាធរមានជិតពីរខែក្តី តែមកទល់ពេលនេះពុំទាន់មានការនាំចេញទំនិញណាមួយធ្វើឡើងក្រោមកិច្ចព្រមព្រៀងទាំងពីរនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានមកសួរព័ត៌មានជុំវិញការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះដែរ។ 

ជុំវិញការមិនទាន់មានក្រុមហ៊ុនមកស្នើសុំ CO សម្រាប់នាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ ត្រូវបានឯកឧត្តម ស៊ាង ថៃ វាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកនាំចេញខ្លះមិនទាន់ចាប់អារម្មណ៍ក្នុងការនាំចេញទៅទីផ្សារថ្មី ឬកំពុងសិក្សាពីផលចំណេញ ទើបពួកគេមិនទាន់ហ៊ាននាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ម្យ៉ាងទៀត អាចមានអ្នកនាំចេញខ្លះគិតថា ការនាំចេញរបៀបចាស់ និងទៅទីផ្សារចាស់វាមានភាពល្អប្រសើរហើយជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អបអរសាទរ សមាជិកថ្មីរបស់ត្រកូល BFGOODRICH គឺ BFGOODRICH TRAIL-TERRAIN T/A

ព័ត៌មាន
កាលពីថ្មីៗនេះ ក្រុមហ៊ុន វើលដ៍ប្រ៊ីដត្រេឌីងដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុនសំបកកង់ម៉ាកមីឆែលីន (Michelin) ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត…

លោកខាងលិចដាក់ទណ្ឌកម្មផ្ទួនៗប្រឆាំងរុស្សី ក្រោយលើកទ័ពចូលតំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែន

ព័ត៌មាន
ប្រទេសលោកខាងលិច ដែលរួមមានសម្ព័ន្ធមិត្ត អាមេរិក និងអង់គ្លេសជាដើម បានដាក់ចេញទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសរុស្សីក្រោយ ប្រធានាធិបតីរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ