
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ធំៗដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម បានព្យាករថា វៀតណាម សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៩៣% នៅត្រីមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបើធៀបនឹងកំណើន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានក្នុងរង្វង់៧,០៩%។ ស្ថាប័នហិរញ្ញវត្ថុទាំងនេះបានអះអាងថា អត្រាកំណើនដែលគេបានព្យាករណ៍នេះ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងសេដ្ឋកិច្ច ដែលអាចបត់បែនបាន និងការសម្របខ្លួនទៅក្នុងពិភពខាងក្រៅបានល្អប្រសើររបស់ប្រទេសនេះ។
ពាក់ព័ន្ធស្ថានភាពកំណើសេដ្ឋកិច្ចវៀតណាមនេះ លោក ប៊ ប្រេន (Borge Brende) ប្រធាន និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានចែករំលែកទស្សនសុទិដ្ឋិនិយមថា គោលដៅកំណើនពីរខ្ទង់ដ៏មានមហិច្ឆតារបស់វៀតណាម សម្រាប់ទសវត្សរ៍ខាងមុខ អាចធ្វើទៅបានប្រសិនបើសន្ទុះបច្ចុប្បន្ននៅតែបន្ត។
ដោយឡែក លោក អាល់វ៉ារ៉ូ ប៉េរ៉ីរ៉ា (Alvaro Pereira) ប្រធានក្រុមសេដ្ឋកិច្ចនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយថា ជាមួយនឹងមូលដ្ឋានកំណើនដែលវៀតណាម សម្រេចបាននៅពេលនេះ ប្រទេសនេះ អាចសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ឬឆាប់ជាងនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ប្រកបដោយនិរន្តរភាព និងសមាហរណកម្ម៕
ដោយៈ សរ សុជាតិ