សំណើទាំង៥នោះ រួមមាន៖
១, ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។
២, ការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ។៣, ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
៤, ការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ
៥, ការជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចំណុចដែលឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងខាងលើ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។
ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ គ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ ហើយសង្ឃឹមថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
របាយការណ៍គយកម្ពុជាបង្ហាញថា នៅ៩ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង៤ពាន់៦រយលានដុល្លារ កើនឡើង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបានជាង១ពាន់៥រយលានដុល្លារ កើនឡើងជាង៣% ខណៈការនាំចូលពីវៀតណាមមកវិញមានជាង៣ពាន់លានដុល្លារ កើនឡើង៣៤,៥%៕