វិស័យហិរញ្ញវត្ថុ

ឥណទាន​មិនដំណើរការរបស់អាជីវកម្មខ្នាតតូចកើនឡើងដល់ជាង១១% តើជាកម្រិតគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?


យោងតាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) បានបង្ហាញថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ឥណទានលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូច​បានធ្លាក់ចុះចំនួនគណនីឥណទាន ប៉ុន្តែសមតុល្យឥណទានមានការកើនឡើង។ បើក្រឡេកទៅមើលគុណភាព នៃឥណទានបុគ្គលហាក់មានការថយចុះ ដោយឥណទានមិនដំណើរការ ឬការសងយឺតលើសពី៩០ថ្ងៃបានហក់ឡើងខ្ពស់ដល់ជាង១១% នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
វិស័យហិរញ្ញវត្ថុ
ដោយ

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានគូសបញ្ជាក់ថា ការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងដល់ជាង៧% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ខណៈគុណភាពឥណទានបានធ្លាក់ចុះ ដោយការសងយឺតលើសពី៩០ថ្ងៃបានកើនឡើងដល់ជាង១១% ដែលខ្ពស់ជាងត្រីមាសទី២ ដែលក្នុងរង្វង់ប្រមាណ១០% ក្នុងនោះឥណទានមិនដំណើរការក្នុងវិស័យសំណង់មានកម្រិតខ្ពស់ជាងគេមានរហូតដល់ជាង១៨%។

ជុំវិញបញ្ហានេះ លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាត់ទុកការកើនឡើង នៃការស្នើសុំឥណទានដល់៧,៦% គឺបានបង្ហាញពីការបន្តកើនឡើងនៃតម្រូវការប្រើប្រាស់ឥណទានរបស់អាជីវកម្មខ្នាតតូច ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការពង្រីកអាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញ ចំពោះឥណទានសងយឺតលើសពី៩០ថ្ងៃ កើនដល់១១,៣% លោកស្រីបានវាយតម្លៃថា គឺជាកម្រិតហានិភ័យ ដែលអាចគ្រប់គ្រងបាន និងមិនមានសញ្ញាព្រួយបារម្ភខ្លាំងនោះទេ និងរំពឹងថាស្ថានភាពនេះនឹងល្អប្រសើរឡើងវិញបណ្ដើរៗនៅឆ្នាំបន្តបន្ទាប់។ បើតាមលោកស្រី ម៉ារ អមរា ការសងយឺតលើសពី៩០ថ្ងៃរបស់ឥណទាន នៃវិស័យសំណង់ឈានដល់ជាង១៨% គឺជាសញ្ញាមួយដែលតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុយកចិត្តទុកដាក់ និងបន្តពង្រឹងការតាមដានឥណទានឱ្យកាន់តែមានប្រសិទ្ធភាព ដ្បិតវិស័យនេះហាក់មានកំណើនយឺត និងអាចប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់។

សម្រាប់អ្នកជំនាញរូបនេះ កំណើនឥណទានប្រកបដោយចីរភាព មិនមែនផ្អែកតែលើកំណើន នៃការផ្តល់ឥណទានប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាមួយនឹងគុណភាពឥណទាន ការទទួលខុសត្រូវក្នុងការផ្តល់ឥណទាន តម្រូវការជាក់ស្ដែង លំហូរសាច់ប្រាក់ និងសមត្ថភាពសងត្រឡប់របស់អតិថិជនផងដែរ។

ជាមួយគ្នានេះលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចាត់ទុកកំណើនខ្ពស់ដល់១១,៣% នៃការសងយឺតលើសពី៩០ថ្ងៃ គឺជាសញ្ញាដែលត្រូវយកចិត្តទុកដាក់ និងតាមដានយ៉ាងហ្មត់ចត់ ដែលវាបានឆ្លុះបញ្ចាំងពីសម្ពាធលំហូរសាច់ប្រាក់របស់អាជីវកម្មមួយចំនួន ដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ តែថ្នាក់ដឹកនាំរូបនេះនៅតែមានសុទិដ្ឋិនិយមថា គុណភាពឥណទានអាចប្រសើរឡើងវិញ តាមរយៈការពង្រឹងការវាយតម្លៃសមត្ថភាពសង ការតាមដានក្រោយផ្តល់ឥណទាន និងការដោះស្រាយបំណុលយឺតឱ្យបានទាន់ពេលវេលា។ ហើយអ្វីដែលកាន់តែសំខាន់ គឺត្រូវផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងគាំទ្រអាជីវកម្មដែលមានសមត្ថភាពពិតប្រាកដ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ផលប៉ះពាល់ជាសកលផ្ទួនៗកន្លងមកនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលរបស់ពលរដ្ឋ និងបានជំរុញឱ្យការបង់សងត្រឡប់យឺតលើសពី៩០ថ្ងៃរបស់អាជីវកម្មខ្នាតតូចបានហក់ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានរហូតជាង១១%។ ទោះបីជាគុណភាពឥណទានហាក់មិនសូវល្អ តែអ្នកជំនាញរូបនេះអះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជានៅតែមានចំណុចវិជ្ជមានមួយចំនួនដូចជាប្រាក់បញ្ញើអតិថិជននៅតែមានកំណើនខ្ពស់ជាងចំនួនឥណទាន ខណៈការបញ្ចេញឥណទានរបស់គ្រឹះស្ថាននៅតែមានលទ្ធភាពខ្ពស់។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាមានគ្រឹះស្ថានខ្លះប្រឈមនឹងការខាតបង់ក៏ដោយ ប៉ុន្តែជារួមគ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើននៅតែបន្តរក្សាបាននូវប្រាក់ចំណេញ និងមាននិរន្តរភាពល្អប្រសើរ។

សូមជម្រាបថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន០,៧% បើធៀបនឹងត្រីមាសមុន ដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួនជិត១,៧លានគណនី។ យ៉ាងណាមិញសមតុល្យឥណទានលក្ខណៈបុគ្គល បានបន្តកើនឡើងក្នុងកម្រិត០,៥% ដោយមានចំនួនជាង៣៧ពាន់លានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជា ត្រូវពង្រឹងផលិតភាព ជំនាញកម្លាំងពលកម្ម និងប្រសិទ្ធភាពសារពើពន្ធ ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច

ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងសម្ពាធជាច្រើន កម្ពុជាចាំបាច់ណាស់ត្រូវពង្រឹងផលិតភាពសេដ្ឋកិច្ច អភិវឌ្ឍជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ