ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា បើទោះបីជាធនាគាររដ្ឋវៀតណាម SBV កំពុងមានគោលដៅកំណត់កំណើនឥណទានឲ្យមាននៅត្រឹម១៤% នៅឆ្នាំនេះ ក៏ដោយ ប៉ុន្ដែ មានធនាគារចំនួន ៦ នៃធនាគារចំនួន ២២ បានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅ៩ខែឆ្នាំនេះថា ទំហំឥណទានដែលធនាគារទាំង៦នេះ បានផ្ដល់ជូនអតិថិជន គឺមានការកើនឡើងហួសការកំណត់ ខណៈដែលមានធនាគារចំនួន៤ផ្សេងទៀត គឺបានកើនឡើងរហូតដល់ទៅជាង ២០% ឯណោះ។
យោងតាម របាយការណ៍ហិរញ្ញវត្ថុ បានឲ្យដឹងថា ធនាគារដែលមានកំណើនឥណទានខ្ពស់បំផុត គឺភាគច្រើនបានមកពីអ្នកខ្ចីថ្នាក់កណ្ដាល។ ក្នុងនោះ ធនាគារ Techcombank និង VIB គឺបាននាំមុខ ឧស្សាកម្មនេះ ដោយធនាគារនីមួយៗមានកំណើនឥណទាន លើស២៨% និងតាមពីក្រោយដោយធនាគារ TPBank មានកំណើនឥណទាន២០,៤% រីឯ VPBank និង HDBank មានកំណើនឥណទាន ជាង១៤%។
ទោះយ៉ាងណា ក៏មានធនាគារមួយចំនួនមានកំណើនឥណទានទាបជាងការកំណត់ ១៤% ដែរ ដូចជាធនាគារ Vietcombank, BIDV និង VietinBank ជាដើម។ ប៉ុន្ដែ បើគេពិនិត្យទៅមើល ទំហំប្រាក់កម្ចី មិនទាន់សងរបស់ធនាគារទាំងនេះ មានទំហំស្មើនឹង៣ ទៅ៤ដង នៃទំហំអ្នកខ្ចីថ្នាក់កណ្ដាលគិតជាមធ្យម ហើយធនាគារទាំងបីនេះ ក៏ជាធនាគារលំដាប់កំពូលទាំង៣ នៅវៀតណាមគិតក្នុងទំហំទ្រព្យសកម្មសរុបផងដែរ។
ស្របពេលដែលមានការកាត់រឹតបន្ដឹងការផ្ដល់កម្ចីនេះដែរ ក៏មានអតិថិជនខ្ចីប្រាក់កាន់តែច្រើនឡើងបានត្អូញត្អែរ ដ្បិតថា ពួកគេពិបាកក្នុងការទទួលបានកម្ចីពីធនាគារពាណិជ្ជមួយចំនួន។
មន្ត្រីឥណទានរបស់ធនាគារពាណិជ្ជនៅវៀតណាម បានពន្យល់ថា ពួកគេទទួលបានបញ្ជា ឲ្យឈប់ការផ្ដល់ប្រាក់កម្ចី ព្រោះតែធនាគារបានឈានដល់ទំហំឥណទានដែលខ្លួនបានកំណត់។
យ៉ាងណាក៏ដោយចុះ កំណើនឥណទាននៃវិស័យធនាគារទាំងមូល ត្រូវបានគេរំពឹងថា នឹងថមថយកំណើននៅឆ្នាំនេះ។ តួយ៉ាង តាមតួលេខចុងក្រោយមួយរបស់ធនាគាររដ្ឋវៀតណាម SBV នៅ៩ខែឆ្នាំ២០១៩នេះ កំណើនឥណទាន សម្រាប់វិស័យធនាគារទាំងមូល សម្រេចបានត្រឹម ៨,៤% ខណៈដែលធនាគាររដ្ឋវៀតណាមបានដាក់គោលដៅសម្រាប់ពេញមួយឆ្នាំ២០១៩នេះ ក្នុងកំណើន ១៤%។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ កំណើនឥណទានក្នុងវិស័យធនាគាររបស់វៀតណាមសម្រេចបាន ១៤% ដែលជាកំណើនមួយខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលកំណើនទាបបំផុតមានតាំងពីឆ្នាំ២០១៤៕