វៀតណាមរំពឹងថា ការនាំចេញផលិតផលឧស្សាហកម្មគ្រឿងសមុទ្ររបស់ខ្លួននឹងអាចមានកំណើនឡើងវិញនៅចុងឆ្នាំនេះ ក្រោយមើលឃើញពីភាពល្អប្រសើរនៃស្ថានភាពនៃសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិកដែលជាទីផ្សារធំបំផុតរបស់ខ្លួន។ លោក ឃ្វៀន ហាវ ណាម (Nguyễn Hoài Nam) អគ្គលេខាធិការរងនៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានប្រាប់សារព័ត៌មាន Vietnam News ថា ឧស្សាហកម្មនេសាទកំពុងបង្ហាញលទ្ធផលវិជ្ជមានជាបណ្តើរៗ បន្ទាប់ពីការថយចុះកាលពី ខែកញ្ញា និងខែតុលា ជាប់ៗគ្នា។
ការិយាល័យស្ថិតិបានអះអាងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម នៅខែកញ្ញា អាចសម្រេចបានត្រឹមតែជាង៨០០លានដុល្លារប៉ុណ្ណោះធ្លាក់ចុះជិត៥ភាគរយ ហើយនៅខែតុលាវិញគឺសម្រេចបានត្រឹមតែ៨៥០លានដុល្លារធ្លាក់ចុះជិត៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបន្តថា ការនាំចេញអាហារសមុទ្រ នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៣នេះ គឺបានធ្លាក់ចុះដល់ទៅជាង២០ភាគរយដោយសារតម្លៃ នៃការនាំចេញសម្រេចបានត្រឹមតែបរិមាណជាង៧ពាន់លានដុល្លារ។
លោក ណាម បាននិយាយថា ផលិតផលគ្រឿងសមុទ្រដែលបាននាំចេញរបស់វៀតណាម គឺសុទ្ធតែមានតម្រូវការធ្លាក់ចុះនៅអាម៉េរិក អឺរ៉ុប និងចិន។ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣ ការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារទាំងនេះបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប បានធ្លាក់ចុះប្រមាណ៣០ភាគរយ ទៅចិនធ្លាក់ចុះ៤៥ភាគរយ ហើយទៅអាមេរិកធ្លាក់ចុះដល់ទៅ៥១ភាគរយឯណោះ។
តាមការរំពឹងទុក ការនាំចេញអាហារសមុទ្ររបស់វៀតណាម នៅក្នុងត្រីមាសទី៤ឆ្នាំនេះ អាចឈានដល់តម្លៃប្រហែលជា២ពាន់៤រយលានដុល្លារ ស្មើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំឱ្យចំណូលនៃការនាំចេញអាហារសមុទ្រសរុបសម្រាប់ឆ្នាំ២០២៣ អាចមានតម្លៃដល់ ៩ពាន់លានដុល្លារ តែស្ថិតិនេះគឺនៅទាបជាងឆ្នាំ២០២២ ប្រមាណជា១៧ភាគរយ៕
ដោយៈ សរ សុជាតិ