យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia News នៅថ្ងៃទី២១ ខែកញ្ញា ខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទើបកែសម្រួលថ្មីនេះ គឺការអនុញ្ញាតឱ្យរដ្ឋសមាជិកអាស៊ាន អនុវត្តពិធីសារទី២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដែលបានចុះហត្ថលេខានៅទីក្រុងកួឡាឡាំពួរ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ការដាក់ឱ្យអនុវត្តមុនកាលកំណត់នេះ ធ្វើឡើងលើគោលការណ៍ស្ម័គ្រចិត្ត និងការអធ្យាស្រ័យគ្នានៅក្នុងចំណោមប្រទេស ដែលបានត្រៀមខ្លួនរួចរាល់។
ការដាក់ឱ្យអនុវត្តបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមភ្លាមៗទៅតាមកាលបរិច្ឆេទ ដែលប្រទេសសមាជិកនីមួយៗបានព្រមព្រៀងគ្នា ដោយគ្រាន់តែជូនដំណឹងទៅកាន់អគ្គលេខាធិការដ្ឋានអាស៊ាន រហូតដល់កិច្ចព្រមព្រៀងនេះចូលជាធរមានពេញលេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។ សេចក្តីប្រកាសប្រវត្តិសាស្ត្រនេះ ត្រូវបានអនុម័តដោយរដ្ឋសមាជិកអាស៊ានទាំង១០ មិនរាប់បញ្ចូលទីម័រខាងកើត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ ដែលបានរៀបចំឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក ហ្គាន គីម យង់ (Gan Kim Yong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានគូសបញ្ជាក់ថា តាមផែនការដើមកិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពនេះ ត្រូវចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២៧ ប៉ុន្តែអាស៊ាន បានសម្រេចចិត្តដាក់អនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការពន្លឿនកាលបរិច្ឆេទនេះ នឹងជួយសម្រួលដល់ការចរាចរទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែរលូន និងបើកទ្វារចំហយ៉ាងទូលំទូលាយសម្រាប់អាជីវកម្មក្នុងតំបន់ ក្នុងការចាប់យកឱកាសទីផ្សារអាស៊ាន៕
អត្ថបទៈ សួន ឡង់ទី