ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសប្រមូលរថយន្តម៉ូឌែល Shark 6 ចំនួន ជាង៣២,០០០គ្រឿងដែលផលិតចន្លោះខែសីហា ឆ្នាំ២០២៤ និងខែមិថុនា ឆ្នាំ២០២៦ ដោយសាររថយន្តម៉ូឌែលខាងលើនេះមានបញ្ហាកង់សាគួ។ ក្រុមហ៊ុន BYD បាននិយាយថា ការដំឡើងមិនត្រឹមត្រូវ និងការដាក់ថាសកង់មិនត្រឹមត្រូវអាចធ្វើឱ្យប្រព័ន្ធទ្រកង់សាគួខូច។ ប្រសិនបើបញ្ហានេះនៅតែបន្ត កង់សាគួអាចនឹងធ្លាក់ចេញពីរថយន្តបង្កហានិភ័យដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ម្ចាស់រថយន្ត BYD មួយចំនួនបានរាយការណ៍ថា កង់សាគួបានរំកិល ឬធ្លាក់ខ្លាំងនៅពេលបើកបរ។ ហើយជាដំណោះស្រាយ ក្រុមហ៊ុន BYD នឹងប្ដូរប្រព័ន្ធទ្រកងសាគួថ្មីដោយឥតគិតថ្លៃ។ គួររំឭកថា កន្លងមកក្រុមហ៊ុន BYD ក៏បានប្រមូលរថយន្តជាង១៨០,០០០គ្រឿងផងដែរ នៅប្រទេសចិន ដោយសារបញ្ហាឈ្នាន់ហ្វ្រាំង។ នៅប្រទេសអូស្ត្រាលី ក្រុមហ៊ុន BYD ក៏ធ្លាប់ប្រមូលម៉ូឌែល Atto 3 ចំនួន ៧០៣គ្រឿងផងដែរក្នុងឆ្នាំ២០២២ ដោយសារបញ្ហាពាក់ព័ន្ធនឹងការដំឡើងកៅអីកុមារ៕
ដោយ: តែម សុខុម