ប្រទេសជប៉ុន ត្រូវបានគេដឹងថា គឺជាដៃគូសេដ្ឋកិច្ចដ៏ធំជាងគេបំផុតទី ៤ របស់វៀតណាម ដោយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងមានការកើនឡើងជាលំដាប់។ តួយ៉ាងនៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវវាងវៀតណាម និងជប៉ុន សម្រេចបានដល់ទៅជិត ៤០ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញ នាំចូលរវាងគ្នានឹងគ្នា នៃប្រទេសពីរនេះ គឺមានទំហំប្រាក់ប្រហែលគ្នា ដោយ នៅឆ្នាំ២០១៩ វៀតណាមនាំចេញ ទៅជប៉ុនមានប្រមាណ ២០ពាន់លានដុល្លារអាមេរិក ខណៈជប៉ុននាំចេញទៅវៀតណាមវិញ មានជិត២០ពាន់លានដុល្លារអាមេរិកដូចគ្នាដែរ។
ដោយឡែក សម្រាប់រយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ២៨ពាន់លានដុល្លារអាមេរិក ហើយការនាំចេញនាំចូលរវាងគ្នាគឺមានប្រហាក់ប្រហែលគ្នា។
បើនិយាយពី ការវិនិយោគ របស់ជប៉ុននៅក្នុងប្រទេសវៀតណាមវិញ ឃើញថា ជប៉ុនឈរលំដាប់ទី២ ជាប្រទេសវិនិយោគច្រើនជាងគេនៅវៀតណាម ដោយគិតត្រឹមថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ មានដើមទុនចុះបញ្ជីសរុបរបស់ក្រុមហ៊ុនជប៉ុនវិនិយោគនៅវៀតណាមមានប្រមាណ ៦០ពាន់លានដុល្លារអាមេរិក។ ដោយឡែក សម្រាប់ឆ្នាំ២០១៩ កន្លងទៅ ជប៉ុនវិនិយោគនៅវៀតណាម ជាង ១ពាន់៨រយ លានដុល្លារ ជាមួយចំនួនគម្រោងវិនិយោគសរុប ៤៣៥ គម្រោង។ រីឯ នៅរយៈពេល ៩ខែ ឆ្នាំ២០២០វិញ ជប៉ុនវិនិយោគនៅវៀតណាម ជាង៨០០លានដុល្លារ ជាមួយគម្រោងវិនិយោគ ជាង២០០គម្រោង។
អ្វីដែលពិសេសជាងនេះទៀត គឺវៀតណាមកំពុងក្លាយជាទិសដៅសំខាន់មួយសម្រាប់ការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ជប៉ុន ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលជប៉ុនកំពុងជួយឲ្យក្រុមហ៊ុនធំៗរបស់ខ្លួន ឲ្យរើផលិតកម្មចេញពីប្រទេសចិន មកកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍វិញ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៣០ ហើយ ដែលបានសម្រេចថានឹងរើផលិតកម្មចេញពីចិន ហើយមានក្រុមហ៊ុន ១៥ ក្នុងចំណោមនោះ បានសម្រេចចិត្តនឹងរើចូលទៅកាន់វៀតណាម។
អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក ង្វៀន ភូបិញ បានអះអាងថា វៀតណាម និងជប៉ុនកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ និងការរំខានដល់ទំនាក់ទំនងអន្តរជាតិ ដូចគ្នា។ ក្នុងនាមជាប្រទេសពឹងផ្អែកខ្លាំងលើទីផ្សារបរទេស ទាំងវត្ថុធាតុដើម និងផលិតកម្ម បានធ្វើឲ្យជប៉ុន ត្រូវប្រឈមនឹងបញ្ហាខែចង្វាក់ផ្គត់ផ្គង់សកល ពិសេសសគឺពីប្រទេសចិន ដែលកំពុងត្រូវបានរាំងខ្ទប់ដោយសារតែបញ្ហាកូវីដ-១៩។ លើសពីនេះ ទីក្រុងតូក្យូ ក៏ត្រូវពិចារណា លើជម្រើសរបស់ខ្លួនផងដែរ ខណៈការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខរបស់ពិភពលោក គឺអាមេរិក និងចិនបាននិងកំពុងបន្តកើនឡើងកម្ដៅឥតឈប់ឈរ៕