 
      រដ្ឋាភិបាលវៀតណាម បានចាត់ឱ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាជាប់គំាងទូកុងតឺន័រជាង ២ម៉ឺនទូ ដែលមិនទាន់រៀបចំឯកសារ និងដឹកជញ្ជូនចេញ យូរជាង ៣ខែទៅហើយ តាំងពីនាំចូលមកដល់វៀតណាម។
ប្រមុខរដ្ឋាភិបាលវៀតណាម បានធ្វើការណែនាំ ដល់ក្រសួងបរិស្ថាន ឱ្យចេញនូវ លិខិតបញ្ជាក់សុវត្ថិភាពបរិស្ថាន សម្រាប់ទូកុងតឺន័រ ដែលអ្នកនាំចូល អាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ផលិតទំនិញបាន ក៏ប៉ុន្តែ ការនាំចូលសំណល់អេតចាយនេះ នឹងត្រូវបញ្ឈប់ចាប់ពី ឆ្នាំ ២០២៥តទៅ។
បញ្ហាកកស្ទះទូកុងតឺន័រនេះ កើតឡើងក្រោយពេលដែល លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថា ប្រទេសវៀតណាម មិនមែនជាទីលានចាក់សំរាម សម្រាប់ទទួលសំណល់អេតចាយពី ប្រទេសដទៃនោះទេ ដោយសារតែវាប៉ះពាល់ដល់ បរិស្ថាន និង អាយុជីវិតប្រជាពលរដ្ឋ។
បញ្ហាសំណល់អេតចាយនេះ ក៏ទាក់ទងទៅនឹងប្រទេសចិនផងដែរ ដោយចិន បានដាក់ចេញគោលនយោបាយរឹតបន្តឹងការនាំចូលសំណង់រឹង ធ្វើឱ្យបណ្តាប្រទេសជាច្រើន បែរជារុញច្រានសំណល់ទាំងនោះ មកប្រទេសវៀតណាមវិញ។
បើទោះបីជា វិស័យឧស្សាហកម្មផលិតដែក ក្រដាស នឹងប្លាស្ទិក ត្រូវការនាំចូលសំណល់ទាំងនោះ មកធ្វើជាវត្ថុធាតុដើមក៏ដោយ បញ្ហាដែលគួរឱ្យព្រួយបារម្ភគឺ សំណល់ដែលនាំចូលមកនោះ គឺលើសពី ការកម្ម៉ង់ទិញទៅទៀត ដែលគ្មានម្ចាស់កុងតឺន័រណា ទៅទទួលនោះឡើយ មានន័យថា គេមកសំរាមមកចាក់ចោលតែម្តង។
គួរជម្រាបដែរថា ប្រទេសវៀតណាម នាំចូលសំណល់អេតចាយជាង ៩លានតោន កាលពីឆ្នាំ ២០១៨កន្លងទៅ ដែលកើនឡើងជាង ១៤ភាគរយ ធៀបនឹងឆ្នាំ ២០១៧។
បើយោងតាមក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ ចចជា (Georgia) បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៣០ខាងមុខនេះ សំណល់រឹងជាង ១១១លានតោនទូទាំងសកលលោក នឹងនៅសេសសល់រាយប៉ាយ ដោយសារតែ ប្រទេស ចិន ដែលធ្លាប់តែជាប្រទេសនាំចូលសំណង់រឹងសម្រាប់កែច្នៃ ធំជាងគេបង្អស់លើពិភពលោក បានបង្កើតគោលនយោបាយថ្មី ហាមឃាត់ការនាំចូលសំណង់រឹង២៤មុខ រួមមាន ប្រភេទផ្លាស្ទិក ក្រដាស និងសសៃក្រណាត់មួយចំនួន ដែលបានអនុវត្តកាលពីដើមឆ្នាំ ២០១៨នេះ បានធ្វើឱ្យ ក្រុមហ៊ុនជាច្រើន ក្នុងសហភាពអឺរ៉ុប ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ជួបបញ្ហាទាក់ទងនឹងកន្លែងស្តុកកាកសំណល់៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              