
ធនាគារកណ្តាលវៀតណាមបានលុបគណនីធនាគាររហូតដល់១៥៤លានគណនី និងបានដាក់ម្ចាស់គណនីជិត៣សែននាក់ក្រោមការសង្ស័យប្រពឹត្តការក្លែងបន្លំ។ តាមរយៈចំណាត់ការនេះ ធនាគារកណ្តាលវៀតណាមបានរាំងខ្ទប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងទំហំជិត៥៧លានដុល្លារអាម៉េរិក។ លើសពីនេះ ធនាគារកណ្តាលវៀតណាម ក៏បានកែសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម និងផលិតផលធនាគារសំដៅជួយកាត់បន្ថយការចំណាយពេលវេលា និងសន្សំសំចៃថវិកា។ នេះបើតាមការគូសបញ្ជាក់របស់លោក ឡេ ហួង ជិញង៉ាង (Lê Hoàng Chính Quang) ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃធនាគារកណ្តាលវៀតណាម។
យ៉ាងណាមិញ ធនាគារកណ្តាលវៀតណាម កំពុងធ្វើការជាមួយមជ្ឈមណ្ឌលព័ត៌មានឥណទានជាតិ ដើម្បីធ្វើការត្រួតពិនិត្យគណនីធនាគារចំនួន៥៧លានផ្សេងទៀត។ ជាមួយគ្នានេះ ធនាគារចំនួន៥៧ និងស្ថាប័នអន្តរការីចំនួន៣៩កំពុងធ្វើការរួមគ្នា ដើម្បីកែសម្រួលបញ្ហាផ្សេងៗ និងផ្ទៀងផ្ទាត់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីធានាសុក្រឹត្យភាពនៃប្រព័ន្ធគ្រប់គ្រង និងទូទាត់ហិរញ្ញវត្ថុ។ គោលបំណងនៃការចាត់វិធានការនេះ គឺឈានទៅសម្រេចមហិច្ឆតាក្លាយជាមជ្ឈមណ្ឌហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតបន់។
តែយ៉ាងណាអ្នកវិភាគបានវាយតម្លៃថា ការចាត់វិធានការក្តៅរបស់ធនាគារកណ្តាលវៀតណាមនេះទំនងជាដើម្បីបើកផ្លូវឈានទៅរកការទទួលយកការទូទាត់ និងចរាចរទីផ្សារជួញដូរគ្រីបតូសាកល្បងនាពេលខាងមមុខរបស់វៀតណាម៕
ដោយៈ សរ សុជាតិ