ក្រុមហ៊ុន Enclave Phu Quoc ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនសំណង់ ThaiGroup ចង់សាងសង់រមណីយដ្ឋាន និងអគារលំនៅឋាននៅលើកោះត្រល់ ដោយគ្រោងចំណាយថវិកាប្រមាណ១,៣ពាន់លានដុល្លារអាម៉េរិក។ បើយោងតាមអ្នកអភិវឌ្ឍន៍ ដែលបានដាក់ពាក្យសុំការអនុម័តលើគម្រោងនេះបានឱ្យដឹងថា គម្រោងរមណីយដ្ឋាន និងអគារលំនៅឋាននេះនឹងលាតសន្ធឹងលើផ្ទៃដី១៩៦ហិកតា។
គម្រោងដែលកំពុងស្ថិតក្នុងដំណាក់ការវាយតម្លៃសម្រាប់ផលប៉ះពាល់បរិស្ថាននេះ នឹងកំណត់ផ្ទៃដីទំហំ២៦ហិកតាសម្រាប់ការសាងសង់រមណីយដ្ឋាន និងសេវាថែទាំសុខភាព ហើយផ្ទៃដីដែលនៅសល់ទុកសម្រាប់សាងសង់វីឡា ផ្ទះល្វែង និងសណ្ឋាគារ។
កោះត្រល់បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់វៀតណាម ដោយវាបានទាក់ទាញភ្ញៀវទេសចរបរទេសបានជិត២លាននាក់នៅ១១ខែឆ្នាំ២០២៥ កើនឡើងជិត៨១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចរកចំណូលបានជាង១ពាន់លានដុល្លារកើនឡើងជិត១០០%។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រៅពីគម្រោងខាងលើ ក៏មានគម្រោងរមណីយដ្ឋានសំខាន់ៗមួយចំនួនទៀតផងដែរដូចជាគម្រោង Grand World របស់ក្រុមហ៊ុន Vingroup, គម្រោង Park Hyatt របស់ក្រុមហ៊ុន BIM Group និងគម្រោង JW Marriott របស់ក្រុមហ៊ុន Sun Group ជាដើម៕
ដោយ៖ សុខ មង្គល