ក្នុងនោះដែរ ផ្លែស្រកានាគវៀតណាម ហាក់កំពុងជួបបញ្ហាខ្លាំងជាងគេ ដោយថ្មីៗនេះ អាជ្ញាធរចិនទើបតែបានសម្រេចផ្អាកការនាំចូលផ្លែស្រកានាគពីវៀតណាមជាលើទី១ ដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារស្រកានាគរបស់វៀតណាមនៅចិនក្នុងតម្លៃប្រមាណ ១ពាន់លានដុល្លារអាមេរិក ខណៈដែលបច្ចុប្បន្ន ការប្រមូលផលផ្លែស្រកានាគវៀតណាមកាន់តែកៀកខិតចូលមកដល់ហើយ។
ផ្លែស្រកានាគ ជាផ្លែឈើពេញនិយមដាំក្នុងប្រទេសវៀតណាម ហើយផ្លែឈើនេះមានបរិមាណស្មើនឹងពាក់កណ្ដាលនៃការនាំចេញផ្លែឈើរបស់វៀតណាម។ តែក្នុងកំឡុងវិបត្តិកូវីដ ចិនបានបញ្ឈប់ការនាំចូលផ្លែស្រកានាគ ២លើកមកហើយ ក្រោយរកឃើញមេរោគកូវីដ-១៩ នៅលើកេសវេចខ្ចប់ផ្លែស្រកានាគ ខណៈទីផ្សារចិនជាទិសដៅសំខាន់ជាងគេនៃការនាំចេញផ្លែស្រកានាគរបស់វៀតណាម ពោលគឺមានស្ទើរតែ ៨០ ភាគរយ នៃការនាំចេញសរុបរបស់វៀតណាម និងមានតម្លៃ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
បញ្ហាមានកូវីដ-១៩ នៅលើកេសខ្ចប់ផ្លែស្រកានាគពីវៀតណាមចុងក្រោយនេះ គឺត្រូវបានរកឃើញ ដោយអាជ្ញាធរចិននៅតំបន់ក្វាងស៊ីជាប់ព្រំដែនប្រទេសវៀតណាម ដោយផ្លែស្រកានាគទាំងនោះត្រូវបានដឹកមកពីខេត្តគ័ងនិញ ប្រទេសវៀតណាម។
ផ្លែស្រកានាគមានចំនួន ១ ភាគ ៣ នៃការនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម កាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់រហូតដល់ដល់ទៅជាង ៣ ពាន់លានដុល្លារ។
ទោះយ៉ាងណាមិញ លោកដាង ផុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ការបញ្ឈប់នេះ គឺជាការប៉ះទង្គិចថ្មីបំផុត ចំពោះពាណិជ្ជកម្មផ្លែឈើរបស់វៀតណាមជាមួយប្រទេសចិន ដែលត្រូវបានគេមើលឃើញ នឹងធ្វើឲ្យមានការធ្លាក់ចុះការនាំចេញ ចំពេលមានការកកស្ទះការដឹកជញ្ជូនតាមផ្លូវគោក និងការត្រួតពិនិត្យតាមព្រំដែនកាន់តែមានភាពតឹងរ៉ឹង។
ទន្ទឹមនេះ ការបញ្ឈប់ការនាំចូលផលិតផលកសិកម្មពីវៀតណាមនេះ បានធ្វើឱ្យប្រទេសចិនមានឱកាសបង្កើនការដាំដុះផ្លែស្រកានាគក្នុងប្រទេសចិនផ្ទាល់ផងដែរ។
សូមរំឭកថា ក្រោយរកឃើញមេរោគកូវីដ១៩លើការសំបកកេសផ្លែស្រកានាគហើយ កម្មករដែលនៅរោងចក្រកែច្នៃផ្លែឈើក៏ត្រូវបានអាជ្ញាធរតម្រូវឱ្យនៅនឹងកន្លែងធ្វើការ និងធ្វើតេស្តរកមេរោគកូវីដ -១៩ ជាប្រចាំ។ ដោយឡែក អាជ្ញាធរ ខេត្តក្វាងស៊ីប្រទេសចិន បានឱ្យដឹងថា ការផ្អាកការនាំចូលផ្លែស្រកានាគវៀតណាមនឹងបន្តរយៈពេលមួយសប្តាហ៍ទៀត ប្រសិនបើរកឃើញមេរោគកូវីដម្តងទៀតលើការវេចខ្ចប់ផ្លែស្រកានាគ ឬផលិតផលណាមួយដែលដឹកជញ្ជូនពីប្រទេសវៀតណាម។ ដូចនេះការរកឃើញលើកទីបីនឹងនាំឱ្យការផ្អាកកើនឡើងរយៈពេលបួនសប្តាហ៍ហើយ។
សូមបញ្ជាក់ថា មិនមែនតែប្រទេសវៀតណាមទេដែលចិនបានបញ្ឈប់កានាំចូល ពោលប្រទេសចិនក៏បានផ្អាកការនាំចូលផ្លែឈើពីតំបន់ផ្សេងទៀតផងដែរនាពេលថ្មីៗនេះ រួមទាំងម្នាស់តៃវ៉ាន់ និងផ្លែឆឺរី ពីខេត្ត ជាំងស៊ូ បន្ទាប់ពីអាជ្ញាធរបានរកឃើញមេរោគនៅលើវេចខ្ចប់ផ្លែឈើ។ ចិនបានធ្វើតេស្តយ៉ាងយកចិត្តទុកដាក់លើអាហារនាំចូលជាពិសេសសាច់ និងអាហារសមុទ្រដើម្បីរកមើលមេរោគ ទោះបីអង្គការសុខភាពពិភពលោកនិយាយថា គ្មានភស្តុតាងបញ្ជាក់ណាថាមនុស្សអាចឆ្លងវីរុសនេះ ពីអាហារ ឬការវេចខ្ចប់អាហារក៏ដោយ៕
អត្ថបទ៖ ស៊ើង និមល់