បើទោះបីជា មានការបើកដំណើរការរោងចក្រឡើងវិញជាបណ្ដើរៗក៏ដោយ តែជាក់ស្ដែង បើមើលទៅលើស្ថានភាពកូវីដ១៩នៅប្រទេសវៀតណាម ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើងទេ ដូចនេះ អ្វី ដែលរោងចក្រត្រូវធ្វើក្នុងពេលបើកដំណើរការឡើងវិញនេះ គឺត្រូវរ៉ាប់រងលើការចំណាយលើការធ្វើតេស្តកូវីដ១៩ និងផ្តល់ការថែទាំដល់កម្មករដែលសង្ស័យថា មានការឆ្លងជំងឺកូវីដ១៩ជាដើម។
បញ្ហាប្រឈមមួយទៀតនោះគឺ ចាប់តាំងពីមានជំងឺកូវីដ១៩មក តម្លៃដឹកជញ្ជូនទំនិញបានកើនឡើងខ្ពស់ ហើយឥឡូវនេះក្រុមហ៊ុននានាមានការព្រួយបារម្ភថា កង្វះកម្លាំងពលកម្មនឹងពន្យារពេលផលិតកម្ម និងការដឹកជញ្ជូន ហើយដើម្បីធានាបាននូវការដឹកជញ្ជូនទាន់ពេលវេលា ពួកគេប្រហែលជាត្រូវដឹកជញ្ជូនផលិតផលតាមផ្លូវអាកាសក្នុងតម្លៃខ្ពស់ខ្លាំងណាស់។ ដូចនេះហើយ ក្រុមហ៊ុនមួយចំនួនមិនហ៊ាន ទទួលយកការបញ្ជាទិញថ្មីៗពីបរទេសនោះទេ នាពេលថ្មីៗនេះ។
គួរជម្រាបដែរថា យោងតាមការស្ទង់មតិមួយក្នុងខែវិច្ឆិកា មានកម្មករប្រមាណ ៧៥% ទៅ ៨៥% ប៉ុណ្ណោះ បានត្រឡប់ទៅធ្វើការនៅរោងចក្រក្នុងខេត្តភាគខាងត្បូងនៃប្រទេសវៀតណាមឡើងវិញ។ ប៉ុន្តែមួយខែក្រោយមក បន្ទាប់ពីការបើកប្រាក់បៀវត្សរ៍របស់ពួកគេមានភាពយឺតយ៉ាវ ឬពួកគេបានទទួលប្រាក់ជំនួយតិចតួចពីនិយោជក កម្មករមួយចំនួនក៏បានលាឈប់ពីការងារទាំងនោះវិញ។
បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌមានតម្លៃជិត ៣០ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ កើនឡើង ៨ ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ជាពិសេស តម្លៃសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើង ១៣% មានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ ខណៈទៅកាន់សហភាពអឺរ៉ុបវិញកើន ៣% ដល់ជាង ៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចេញទៅប្រទេសជប៉ុនបានធ្លាក់ចុះ ៩,៥% មកនៅត្រឹមជិត ៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕