ប្រាក់ចំណូលរដ្ឋាភិបាលវៀតណាមនៅឆ្នាំក្រោយត្រូវបានរំពឹងថា នឹងកើនដល់ជិត ៧០ពាន់លានដុល្លារអាមេរិក រីឯឱនភាពថវិកាវិញនឹងមានប្រមាណ ១៦ពាន់លានដុល្លារ ឬស្មើនឹង ៣,៦% នៃទំហំ GDP។ នេះបើយោងតាមផែនការហិរញ្ញវត្ថុ ដែលត្រូវបានអនុម័តដោយសមាជិកសភា៩៤% កាលពីព្រឹកថ្ងៃសុក្រ ទី១០ខែវិច្ឆិកា។
ថវិកាប្រមាណជាង ២៨ពាន់លានដុល្លារ ដែលនឹងត្រូវខ្ចីបន្ថែមនោះ គឺនឹងត្រូវប្រើប្រាស់លើការទូទាត់ឱនភាពថវិកា ការសងសេវាបំណុល និងការផ្ដល់កម្ចី។ ទន្ទឹមនឹងនេះ រដ្ឋសភាវៀតណាម ក៏បានស្នើដល់រដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល ដូចជាការផ្លាស់ប្ដូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតែម្ដង។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានធ្វើការងារមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ និងដោះស្រាយបញ្ហារបស់បុគ្គលិកនៅក្នុងវិស័យសាធារណៈ ដែលពួកគេតែងរអ៊ូរទាំថាប្រាក់បៀវត្សរបស់ពួកគេមានទាបខ្លាំងណាស់។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ថ្មីៗនេះបានអះអាងថា អាចនឹងមានការបែងចែកថវិកាប្រមាណ ២៣ពាន់លានដុល្លារ សម្រាប់កម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍មន្ត្រីរាជការសាធារណៈនៅឆ្នាំ២០២៦ផងដែរ៕