យោងតាមគេហទំព័រក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ទី០២ ខែតុលា បានឲ្យដឹងថា ក្រោយពេលមួយឆ្នាំបន្ទាប់ពីមានការចាប់ខ្លួនប្រធានក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ មូលនិធិជាច្រើនត្រូវបាន «ក្លែងបន្លំដោយគ្មានអ្នកណាដឹង» តាមរយៈការចេញសញ្ញាបណ្ណរបស់ក្រុមហ៊ុននេះ ប៉ុន្តែមូលនិធិនឹងត្រូវ «ដកយកមកវិញយ៉ាងម៉ត់ចត់តាមគ្រប់មធ្យោបាយ»។
កាលពីថ្ងៃអង្គារ ទី០៣ ខែតុលា គេហទំព័ររបស់ក្រសួងដដែលនេះក៏បានបង្ហោះជាលើកទី២ ដោយណែនាំឱ្យអ្នកវិនិយោគទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុន វ៉ាន ធីញ ផាត ទាក់ទងទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់របស់ពួកគេ«ជាបន្ទាន់» ដើម្បីផ្តល់ «កិច្ចសន្យាទាក់ទងនឹងការទិញដូរមូលបត្របំណុល» និងព័ត៌មានដទៃទៀតផងដែរ។
ករណីក្រុមហ៊ុនវ៉ានធីញផាងបានក្លាយទៅមុខសញ្ញានៃការបង្ក្រាបយ៉ាងចាស់ដៃបំផុតមួយទៅលើអំពើពុករលួយក្នុងវិស័យសាធារណៈ និងឯកជននៅវៀតណាម ដោយមានការចាប់ខ្លួនមនុស្សជាច្រើន ការបណ្តេញមន្ត្រីរួមទាំងប្រធានអង្គភាពមួយចំនួន ហើយវាក៏បង្កការប៉ះពាល់យ៉ាងទូលំទូលាយដល់ហិរញ្ញវត្ថុ អចលនទ្រព្យ និងឧស្សាហកម្មផ្សេងៗទៀតផងដែរ។
ក្រៅពីនេះ ការចោទប្រកាន់មួយចំនួន ក៏បានធ្វើឡើងពាក់ព័ន្ធនឹងការស៊ីសំណូកទាក់ទងនឹងជំងឺកូវីដ-១៩ និងការបំពានច្បាប់ក្នុងការប្រើប្រាស់មូលបត្របំណុល ដែលធនាគារមួយចំនួនបានធ្វើទីផ្សារផ្សព្វផ្សាយយ៉ាងគឃ្លើនឲ្យអ្នកអ្នកវិនិយោគចូលរួមទិញ។
លោក ង្វៀន វ៉ាន ថាញ់ (Nguyen Van Thanh) ដែលជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា វិនិយោគិនជាច្រើនដោយសារតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញមូលបត្របំណុលទាំងនោះ។
រដ្ឋាភិបាលបានអះអាងថា ក្រុមហ៊ុន វ៉ាន ធីញ ផាត បានប្រព្រឹត្តការក្លែងបន្លំលើការបោះផ្សាយមូលបត្របំណុលប្រាក់ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ហើយ មានបញ្ហាមួយពាក់ព័ន្ធនឹងអ្នកចេញបំណុលសាជីវកម្ម ប៉ុន្ដែបែរជាយកលុយទៅប្រើសម្រាប់គោលបំណងផ្សេងៗជាច្រើន ដែលវាមិនស្របតាមគោលបំណងនៃការចេញមូលបត្របំណុលទាល់តែសោះ៕