អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយកាលពីថ្ងៃពុធថា តួលេខនេះបានឈានដល់ ៣០០ ពាន់លានដុល្លារ តាំងពីខែវិច្ឆិកាមកម្ល៉េះ ហើយរំពឹងថា បំណាច់ឆ្នាំនេះ នឹងកើនដល់ ៣៣០ពាន់លានដុល្លារ។
នៅពេលដែលសកម្មភាពពាណិជ្ជកម្មតាមអេឡិចត្រូនិកមានការកើនឡើង ក៏បានបង្កឱ្យក្រុមហ៊ុនខ្នាតតូច និងមធ្យម (SME)នៅវៀតណាម ប្រឈមមុខនឹងបញ្ហាក្នុងការនាំចេញទំនិញរបស់ពួកគេផងដែរ។ បញ្ហាប្រឈមមួយ របស់ SME នៅវៀតណាម គឺពួកគេអសមត្ថភាពក្នុងការបំពេញតាមស្តង់ដារគុណភាពខ្ពស់របស់អ្នកទិញនៅបរទេស។ ទន្ទឹមនេះ សហគ្រាសធុនតូច និងមធ្យមក៏ប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ភាសា និងការពង្រីកទីផ្សារទៅកាន់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំក្រោយនេះ វៀតណាមនឹងផ្តោតលើផែនការរយៈពេលមធ្យម និងវែង ដើម្បីនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗ ដែលវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។ ទោះយ៉ាងណា ប្រធានវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមរបស់វៀតណាម បានមានប្រសាសន៍ថា ក្រុមអាជីវកម្មគួរតែផ្តោតលើផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ព្រមទាំងស្វែងរកទីផ្សារថ្មីៗ និងគុណតម្លៃនាំចេញរបស់ពួកគេផងដែរ។
គួជម្រាបថា វៀតណាមបាននាំចេញផលិតផលមានតម្លៃប្រមាណជិត ២៨៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ដែលកើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕
អត្ថបទ៖ ស៊ើង និមល់