កំណើនសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ឆ្នាំ២០២២ បើធៀបនឹងនឹងត្រីមាសទី៤ ដែលជាត្រីមាសចុងក្រោយនៃឆ្នាំ២០២១ គឺមានប្រហាក់ប្រហែលគ្នាដែរក្នុងរង្វង់៥% ។ ប៉ុន្ដែ បើក្រឡេកទៅមើល ត្រីមាសទី៣ នៅឆ្នាំ២០២១វិញ សេដ្ឋកិច្ចវៀតណាម បានដាំក្បាលចុះខ្លាំងមែនទែនដល់ទៅ ជាង៦% ដោយសារតែវិបត្តិកូវីដ១៩រាតត្បាតធ្វើឲ្យមានការបិទខ្ទប់នៅក្នុងប្រទេសវៀតណាម ហើយវាគឺជាលើកទីមួយហើយដែលសេដ្ឋកិច្ចវៀតណាមបានធ្លាក់ចុះដល់កម្រិតនេះ គិតចាប់តាំងពីឆ្នាំ ២០០០ មក។
ទោះយ៉ាងណា សម្រាប់បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់វៀតណាម កំពុងចាប់ផ្ដើមដំណើរការងើបឡើងវិញហើយ ក្រោយរងព្យុះភ្លៀងដោយសារជំងឺកូវីដ១៩។ ជាក់ស្ដែងការនាំចេញរបស់វៀតណាមក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ត្រូវបានគេប៉ាន់ប្រមាណថាមានជាង ៨៨ពាន់លានដុល្លារ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងនោះ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសវៀតណាម ដែលមានទំហំទឹកប្រាក់នាំចេញប្រមាណ ២៥ ពាន់លានដុល្លារនៃការនាំចេញ។
យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនក៏មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយវៀតណាម ខណៈអាជីវកម្មពិភពលោកជាច្រើនបានបន្តផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីគេចផុតពីការឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និអាមេរិក ដែលបានដាក់បន្ទុកពន្ធលើទំនិញនាំចេញនាំចូលរវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរនេះ។
ជាមួយគ្នានេះ ការលក់រាយរបស់វៀតណាម រួមទាំងការលក់សេវាកម្មបានកើនឡើង ៤,៤% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២២ ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ១៥ ខែមីនាក៏បានសម្រេចចិត្តបើកប្រទេសសម្រាប់ទទួលភ្ញៀវទេសចរបរទេសឡើងវិញផងដែរ ដើម្បីបន្តដង្ហើមចរន្តសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍។
យ៉ាងណាក៏ដោយ កត្តាហានិភ័យសំខាន់សម្រាប់សេដ្ឋកិច្ចវៀតណាម គឺការកើនឡើងនៃតម្លៃទំនិញសម្ភារដែៈប្រើប្រាស់ ដែលលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ បែបនេះក្ដី វៀតណាម មានពាណិជ្ជកម្មផ្ទាល់ជាមួយរុស្ស៊ី ១% និងជាមួយអ៊ុយក្រែនវិញមានត្រឹមតែ០,១%ប៉ុណ្ណោះ។ ដូច្នេះ បើមើលជារួមផលប៉ះពាល់ផ្ទាល់មកលើសេដ្ឋកិច្ចវៀតណាមបណ្ដាលមកពីសង្គ្រាមនៃប្រទេសទាំងពីរនេះគឺមានតិចតួចប៉ុណ្ណោះ។
ទោះយ៉ាងណា ផលប៉ះពាល់ប្រយោលនៅតែកើតមានសម្រាប់វៀតណាម ដោយតាមរយៈការកើនឡើងនៃតម្លៃវត្ថុធាតុដើមពិភពលោកនាពេលថ្មីៗនេះ បានធ្វើឲ្យផលប៉ះពាល់ទៅលើឧស្សាហកម្មផលិតកម្មរបស់វៀតណាមគួរឲ្យកត់សម្គាល់ផងដែរ។ កត្តានេះ អាចនឹងបន្ទុច់បង្អាក់ដល់កំណើនលូតលាត់នៃសេដ្ឋកិច្ចរបស់វៀតណាម ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មបរទេស។ កត្តាអវិជ្ជមានមួយទៀតសម្រាប់សេដ្ឋកិច្ចវៀតណាម គឺការឡើងថ្លៃប្រេងសាំងជាបន្តបន្ទាប់។ ជាក់ស្ដែង ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងប្រទេសវៀតណាមមិនមានសាំងគ្រប់គ្រាន់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងអាជីវកម្មនានា។
សូមជម្រាបថា GDP របស់វៀតណាមបានកើនឡើង ៧% ជារៀងរាល់ឆ្នាំ មុនពេលជំងឺរាតត្បាតចាប់ផ្តើម។ ខណៈកាលពីខែធ្នូឆ្នាំមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានកំណត់គោលដៅឆ្នាំ ២០២២ សម្រាប់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅត្រឹម ៦,៥% ប៉ុណ្ណោះ៕
អត្ថបទ៖ ស៊ើង និមល់