ប្រភពព័ត៌មាន VN Express ដែលបានស្រង់សម្ដីរបស់ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក ង្វៀន ដុក ជី បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុ គាំទ្រលើគោលនយោបាយពន្ធនេះ ដែលនឹងមានគោលដៅដាក់លើបុគ្គលណា ដែលមានអចលនទ្រព្យលើសពីមួយ ដែលជាប្រភេទអចលនទ្រព្យទំនេរ មិនមានសកម្មភាពអភិវឌ្ឍ ឬប្រតិបត្តិការប្រើប្រាស់។
លោក ង្វៀន ដុក ជី បន្ថែមថា «ក្រសួងនឹងពិចារណា និងស្រាវជ្រាវ គោលនយោបាយ ដើម្បីកែលម្អតម្លាភាពទីផ្សារអចលនទ្រព្យ។» ទោះយ៉ាងណា លោកថា គោលដៅនេះ នឹងមិនអាចសម្រេចទៅបានតាមរយៈគោលនយោបាយពន្ធតែឯងនោះទេ ពោលគឺចាំបាច់ត្រូវមានផែនការ និងបទប្បញ្ញត្តិទាក់ទងនឹងដីធ្លីផងដែរ។
គោលដៅកំណត់ពន្ធនេះ ត្រវបានស្នើទៅកាន់រដ្ឋាភិបាល ដោយក្រសួងសំណង់ ចំពេលដែលទីផ្សារអចលនទ្រព្យមានការឡើងថ្លៃខ្ពស់កប់ពពក។ តួយ៉ាង ដីឡូតិ៍ជាយក្រុង ក្នុងតំបន់មួយចំនួន ត្រូវបានលក់ក្នុងតម្លៃជាង ៤ពាន់ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េឯណោះ។
សមបញ្ជាក់ថា សមាគមឈ្មួញកណ្ដាលអចលនវត្ថុវៀតណាម ក៏ធ្លាប់បានស្នើឲ្យមានការយកពន្ធស្រដៀងគ្នានេះដែរ។