យោងតាមសេចក្តីសម្រេចដែលរដ្ឋសភាបានអនុម័តកាលថ្មីៗនេះបានឲ្យដឹងថា វិស័យឧស្សាហកម្មនឹងមានចំណែកប្រមាណ ២៥,៥ ទៅ ២៥,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២២ ខណៈអតិផរណានឹងត្រូវបានកំណត់ត្រឹម ៤ ភាគរយ ហើយផលិតភាពការងារកម្លាំងពលកម្មនឹងកើនឡើងប្រហែល ៥,៥ ភាគរយ។
ទន្ទឹមនេះលោក វូ ហុងងាញ់ (Vu Hong Thanh) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃសភា បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ និងរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីសម្រាប់ការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងយុទ្ធសាស្ត្ររួមសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយគេរំពឹងថា នឹងត្រូវដាក់ទៅរដ្ឋសភាក្នុងពេលឆាប់ៗនេះផងដែរ។
រដ្ឋសភាក៏បានអំពាវនាវឱ្យរដ្ឋាភិបាលមានគោលនយោបាយហិរញ្ញវត្ថុ និងសារពើពន្ធដែលអាចបត់បែនបាន ដើម្បីជំរុញផលិតកម្ម អាជីវកម្ម ការចរាចរទំនិញ ដោយភ្ជាប់ជាមួយការផ្គត់ផ្គង់កម្លាំងពលកម្ម និងតម្រូវការ ហើយថែមទៀតជំរុញការនាំចេញ ការប្រើប្រាស់ក្នុងស្រុក និងបង្កើនការវិនិយោគ។
កំណើនសេដ្ឋកិច្ចវៀតណាមបានកើនឡើង ៥,៦ ភាគរយនៅឆមាសទី ១នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែវាបានធ្លាក់ចុះ ៦,១ ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសាររលកទី ៤ នៃជំងឺកូវីដ ១៩។ ដូចនេះហើយ តាមការគណនាជារួម កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើង ១,៤ ភាគរយសម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាម ក្រសួងផែនការ និងវិនិយោគ៕
អត្ថបទ៖ ស៊ើង និមល់