
បើតាមឈ្មួញកណ្តាលដែលទិញសត្វកណ្តុររស់ពីពលរដ្ឋ បានឱ្យដឹងថា ក្នុង១ថ្ងៃៗ គាត់ដឹកជញ្ជូនកណ្តុរទាំងនោះទៅប្រជាជនវៀតណាមចាប់ពី៨០០គីឡូក្រាម រហូត១តោន។
ប្រជាកសិករជាង៧០ភាគរយក្នុងចំណោមពលរដ្ឋច្រើនរយគ្រួសារ នៅក្នុងឃុំបាបោង ស្រុកពាមរក៍ សព្វថ្ងៃនេះ កំពុងតែនិយមទាក់សត្វកណ្តុរលក់ទៅឲ្យឈ្មួញវៀតណាម ដើម្បីគ្រាន់នឹងដោះទ័លជីវភាពរស់នៅក្នុងគ្រួសារប្រចាំថ្ងៃ។
ក្នុង១យប់ៗ ពលរដ្ឋអាចដាក់អង្គប់យកសត្វកណ្តុររស់តាមវាលស្រែ ឬព្រៃរនាមបានប្រមាណ ៨ ទៅ ១០គីឡូក្រាម ជួនបានលើសនេះក៏មានដែរ។
លោក អ៊ុំ យូភុន ពលរដ្ឋរស់នៅភូមិជោគជ័យ ឃុំបាបោង បានលើកឡើងថា ក្រៅពីមុខរបរធ្វើស្រែ ការដាក់អង្គប់យកសត្វកណ្តុររស់ជាការងារបន្តបន្សំ សម្រាប់រកប្រាក់បន្តិចបន្តួចដោះស្រាយជីវភាពគ្រួសារ ជៀសវាងចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
សត្វកណ្តុររកបាន គឺគាត់យកទៅលក់ឲ្យឈ្មួញកណ្តាល មុននឹងបញ្ជូនទៅលក់នៅច្រកព្រំដែនកម្ពុជា-វៀតណាម។ លោក អ៊ុំ យូ ភុន៖ «ទំនេរៗចេះតែដើររកជាមួយហ្នឹងគេឯងទៅក្មួយអើយ គ្រាន់នឹងយកលុយនេះមកទិញម្ហូបចំណី និងចំណងដៃការគេក្នុងភូមិ។ ឲ្យថា យកទៅធ្វើមានបាន គ្មានទេ»។

យុវជន យាន យ៉ាទី ជាអ្នកដើរដាក់អង្គប់កណ្តុរម្នាក់ដែរ ឱ្យដឹងថា ប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួនរស់នៅជាង ៧០ភាគរយហើយដែលនិយមទាក់កណ្តុរលក់ ក្នុង១គីឡូក្រាម តម្លៃ ៣៥០០រៀល។ ដារាបណា គេមានធ្វើស្រែ សត្វកណ្តុរទាក់មិនចេះអស់នោះទេ លុះត្រាតែទឹកជន់លិចដីស្រែ។ យុវជននេះបញ្ជាក់ទៀតថា សត្វកណ្តុររស់ជាសត្វស្អាត វាស៊ីស្រូវ និងស្លឹកឈើជាអាហារ ខុសពីកណ្តុរនៅទីក្រុងភ្នំពេញ។
យុវជន យ៉ាទី និយាយយ៉ាងដូច្នេះថា៖ «ទាក់សត្វកណ្តុរមិនចំណាយអ្វីច្រើនទេបង យើងគ្រាន់តែចំណាយថ្លៃទិញអង្គប់ពីផ្សារអ្នកលឿង ដោយអង្គប់មួយតម្លៃ១២០០រៀល ហើយខ្ញុំ និងអ្នកនៅក្នុងភូមិដើរតាមរន្ធច្រកកណ្តុរវាដើរពេលយប់ជ្រៅ ព្រោះសត្វហ្នឹងមើលមិនឃើញទេពេលយប់នោះ»។
ចំណែកលោក ពូ សុខណាត ឈ្មួញកណ្តាលដែលទិញសត្វកណ្តុររស់នៅពីប្រជាពលរដ្ឋ លើកឡើងថា គាត់និងប្រពន្ធតែងតែដឹកជញ្ជូនសត្វកណ្តុរទាំងនេះទៅលក់នៅព្រំដែនវៀតណាមតាមច្រកកោះរកា ក្នុងមួយថ្ងៃ ចាប់ពី ៨០០គីឡូក្រាមទៅ ១តោន ដោយទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន១គីឡូក្រាមតម្លៃ៣៥០០រៀល ពេលខ្លះអាចធ្លាក់ថ្លៃជាងនេះក៏ថាបានដែរ។
ឈ្មួញកណ្តាលរូបនេះ អះអាងថា ការដែលប្រជាជនវៀតណាមទិញសត្វកណ្តុរពីកម្ពុជា ដើម្បីយកទៅបរិភោគ មិនដូចពាក្យពលរដ្ឋមួយចំនួននិយាយថា យកទៅផលិតធ្វើជាសាច់ប៉ាតេលក់នៅលើទីផ្សារឡើយ។ សត្វកណ្តុរស្រែនិងកណ្តុរទីក្រុង គាត់អាចពិនិត្យភិនភាគដឹងមិនអាចលួចបន្លំបានទេ ហើយវៀតណាមក៏ទិញរើសដែរ។
គួរកត់សម្គាល់ដែរថា ការដាក់អង្គប់សត្វកណ្តុររស់យកទៅលក់នៅវៀតណាម ធ្វើឡើងរយៈពេល៥ខែក្នុង១ឆ្នាំ ចាប់ពីធ្វើស្រែរហូតទឹកលិចដីស្រែចម្ការរបស់ប្រជាពលរដ្ឋឃុំបាបោង ស្រុកពាមរក៍។ ខេត្តព្រៃវែង មានប្រជាពលរដ្ឋ ៧៨ភាគរយប្រកបមុខរបរធ្វើស្រែ បើនិយាយពីចំនួនសត្វកណ្តុរលក់ទៅវៀតណាមខ្ទង់តោននេះ គឺមិនបញ្ចូលជាមួយពលរដ្ឋស្រុកដទៃទៀត ដែលមានមុខរបរទាក់កណ្តុរដូចគ្នា៕